Go Back

សមត្ថភាព​ដើម្បី​សម្រេច​គោល​ដៅ​នៅ​កន្លែង​ការងារ​តម្រូវ​ឲ្យ​មាន​ការ​សហការ​គ្នា​។​ មិន​ថា ​អ្នក​កំពុង​មាន​ក្រុម​ ឬ​ត្រៀម​ចូល​រួម​ក្រុម​ថ្មី​ណា​មួយ​ ការ​អភិវឌ្ឍ​ជំនាញ​ធ្វើ​ការ​ជា​ក្រុម​នឹង​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការងារ​ មិន​ថា​ អ្នក​ស្ថិត​ក្នុង​ជំនាញ​ណា​ ឬ​កម្រិត​អាជីព​ណា​នោះ​ទេ​។​

 

ដើម្បី​ឲ្យ​ក្រុម​ការងារ​សម្រេច​បាន​លទ្ធផល​ល្អ​ និង​បង្ហាញ​ភាព​លេច​ធ្លោ​ក្នុង​ក្រុម​ សមាជិក​ក្រុម​ដែល​មាន​សក្ដានុពល​ច្រើន​មាន​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​ជាប់​នឹង​ខ្លួន​។​

 

១ ស្គាល់​ច្បាស់​ពី​តួ​នាទី​របស់​ខ្លួន​

ការ​ដឹង​ពី​តួ​នាទី​របស់​ខ្លួន​ជួយ​ឲ្យ​អ្នក​អាច​សម្រេច​ការងារ​បាន​អស់​ពី​សមត្ថភាព​។​ មិន​តែ​ប៉ុណ្ណោះ​ អ្នក​ក៏​ដឹង​ច្បាស់​ថា​ ការ​ជួយ​ដល់​មិត្ត​រួម​ក្រុម​គឺ​ត្រឹម​កម្រិត​ប៉ុណ្ណា​ដើម្បី​ចៀស​វាង​ជាន់​លើ​គំនូស​របស់​គេ​។​

 

២​ ស្វាគមន៍​ការ​សហការ​គ្នា​

ការ​ធ្វើ​ការ​ជា​ក្រុម​អ្នក​នឹង​ទទួល​បាន​គំនិត​ផ្សេង​គ្នា​ យោបល់​ផ្សេង​គ្នា​។​ បើ​ទោះ​ជា​អ្នក​គិត​ថា​ គំនិត​អ្នក​ល្អ​ជាង​គេ​ក៏​ដោយ​ក៏​គួរ​ស្ដាប់​គំនិត​គ្រប់​គ្នា​ មុន​នឹង​សម្រេច​បង្ហាញ​ពី​ចំណុច​ល្អ​របស់​អ្នក​។​ ត្រូវ​ចេះ​អត់​ឱន​ និង​រក្សា​ភាព​នឹង​ន​មិន​ថា​ គំនិត​ សកម្មភាព​របស់​អ្នក​ទទួល​បាន​រិះ​គន់​ក៏​ដោយ​។​

 

៣ ទទួល​ខុស​ត្រូវ​

ហ៊ាន​ទទួល​កំហុស​ និង​ស្វែង​រក​ដំណោះ​ស្រាយ​។​ ត្រូវ​ដឹង​ថា​ សកម្មភាព​របស់​ខ្លួន​ប៉ះ​ពាល់​ដល់​ក្រុម​ទាំង​មូល​ដូច​ម្ដេច​។​ ការ​ធ្វើ​បែប​នេះ​ អាច​ឲ្យ​អ្នក​រៀន​ពី​កំហុស ​និង​ទទួល​បាន​ការ​គោរព​ពី​មិត្ត​រួម​ក្រុម​ដូច​គ្នា​។​

 

៤ ចេះ​បត់​បែន​

កុំ​ធ្វើ​តែ​ការងារ​ខ្លួន​ឯង​ បើ​មាន​ការងារ​សំខាន់​ដែល​ថ្នាក់​លើ​ដាក់​ឲ្យ​រៀន​ធ្វើ​វា​ ចេះ​ជួយ​គ្នា​ រិះ​គន់​គ្រប់​ឱកាស​ដើម្បី​រៀន​សូត្រ​អ្វី​ដែល​ថ្មី​។​ បែប​នេះ​គ្រប់​គ្នា​ចង់​ធ្វើ​ការ​ជា​មួយ​អ្នក​ និង​កាន់​តែ​ទុក​ចិត្ត​អ្នក​។​

 

៥ មាន​គំនិត​វិជ្ជ​មាន​

មិន​ថា​ អ្នក​ស្ត្រេស​ប៉ុណ្ណា​ ការ​រក្សា​ជំហរ​ប្រកប​ដោយ​ភាព​វិជ្ជមាន​ នឹង​ជួយ​ឲ្យ​ក្រុម​ការងារ​ឆ្លង​កាត់​ការ​លំបាក​បាន​។ ​អត្ត​ចរិត​វិជ្ជមាន​របស់​អ្នក​នឹង​ជះ​ផល​ជា​វិជ្ជមាន​ដល់​មជ្ឈដ្ឋាន​ការងារ​ដូច​គ្នា​។​

 

៦ ​មាន​ការ​ប្ដេជ្ញា​ខ្ពស់​ក្នុង​ក្រុម​

អ្នក​នឹង​ក្លាយ​ជា​សមាជិក​ដែល​លេច​ធ្លោ​ប្រសិន​បើ​អ្នក​បង្ហាញ​ពី​ការ​ជឿ​ជាក់​ទៅ​លើ​ក្រុម​ ដំណើរ​ការ​ និង​គោល​ដៅ​។​ ចំណុច​វិជ្ជមាន​នេះ​នឹង​ជំរុញ​សីលធម៌​ និង​ផលិត​ភាព​នៅ​ក្នុង​ក្រុម​។​

 

ក្រៅ​ពី​ ៦​ ចំណុច​នេះ​ បើ​អ្នក​ចេះ​ជួយ​យក​អសារ​ ចេះ​ស្ដាប់​សមាជិក​ក្រុម​ដោយ​យល់​ពី​អារម្មណ៍​ ចេះ​ទំនាក់​ទំនង​ល្អ​ ចេះ​គោរព​គ្នា​និង​គ្នា​ ចេះ​ជួយ​ដោះ​ស្រាយ​បញ្ហា​ និង​ចេះ​អបអរ​សាទរ​ដល់​មិត្ត​រួម​ក្រុម​ នោះ​អ្នក​ប្រាកដ​ជា​ក្លាយ​ជា​បុគ្គល​លេច​ធ្លោ​ក្នុង​ក្រុម​ជាក់​ជា​មិន​ខាន​៕​