Go Back

អស់​រយៈ​ពេល​ជា​ច្រើន​សតវត្ស​មក​ហើយ​ និយោជិត​ប្រើ​ពេល​ច្រើន​ដើម្បី​រៀន​លើ​ជំនាញ​មួយ​ដើម្បី​ទទួល​បាន​ការងារ​ដែល​កំពុង​មាន​តម្រូវ​ការ​ខ្លាំង​លើ​ទីផ្សារ​ និង​ឈរ​ជើង​នៅ​ជំនាញ​នោះ​ពេញ​មួយ​ជីវិត​។ តែ​បរិបទ​នេះ​បាន​ផ្លាស់​ប្ដូរ​អស់​ហើយ​ អ្វី​ដែល​យើង​អាច​ឃើញ​ច្បាស់​នឹង​ភ្នែក​គឺ​ក្នុង​បរិបទ​កូវីដ​ ១៩​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ទាំង​ ចន្លោះ​ខ្វះ​ខាត​ដ៏​ធំ​ទាំង​ជំនាញ​ ការ​ប្រឈម​នឹង​បញ្ហា​ថ្មី​ ព្រម​ទាំង​ទំនាក់​ទំនង​ការងារ​ក្នុង​ការ​ធ្វើ​ការ​ដោយ​ប្រយោល​។

ដូច​នេះ​ តើ​និយោជក​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​បំពេញ​នូវ​ចន្លោះ​ខ្វះ​ខាត​របស់​និយោជិត​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ដើរ​ទៅ​មុខ​បាន​យូរ​អង្វែង​ និង​រឹង​មាំ​។

ក្រុមហ៊ុន​ Vodafone បាន​ធ្វើ​ការ​សិក្សា​មួយ​កាល​ពី​ចុង​ឆ្នាំ​ ២០១៩​ ក្នុង​របាយការណ៍​មួយ​ដែល​មាន​ឈ្មោះ​ថា​ “Vodafone Future Ready Report”។ ការ​សិក្សា​នោះ​បាន​សិក្សា​លើ​អាជីវកម្ម​ចំនួន​ ១៨១៣ ដើម្បី​ព្យាយាម​ស្វែង​រក​ថា ក្រុមហ៊ុន​ប្រភេទ​ណា​ដែល​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​អនាគត​ជា ​ពិសេស​ក្នុង​បរិបទ​កូវីដ​ ១៩ នេះ​ជា​ឧទាហរណ៍​ស្រាប់​។  ជា​លទ្ធផល​នៅ​ខែ​ឧសភា​ ឆ្នាំ​ ២០២០ ការ​ស្រាវ​ជ្រាវ​ដដែល​បាន​រក​ឃើញ​លទ្ធផល​ដូច​ខាង​ក្រោម​។ ការ​ស្រាវ​ជ្រាវ​បាន​សន្និដ្ឋាន​ថា​ ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​សម្រាប់​អនាគត​ និយោជក​គួរ​ធ្វើ​រឿង​ចំនួន​ ៣ ដូច​ខាង​ក្រោម​៖

1. វិនិយោគ​លើ​ការ​បង្វឹក​បន្ថែម​ដល់​បុគ្គលិក​ចាស់ៗ​ ជា​វិធី​ក្នុង​ត្រៀម​ខ្លួន​ដ៏​ល្អ​សម្រាប់​អនាគត​

2. ទាក់​ទាញ​បុគ្គលិក​មាន​ទេពកោសល្យ​ពី​ វប្បធម៌​ និង​ជំនាញ​ផ្សេង​គ្នា​មិន​ថា ​អាយុ​ បទ​ពិសោធន៍​ជា​អន្តរជាតិ​ និង​បុគ្គលិក​ដែល​មាន​ការ​គិត​ខុសៗ​ប្លែក​ពី​គ្នា​។ សមត្ថភាព​ខួរ​ក្បាល​ប្លែកៗ​ពី​គ្នា​គឺ​ត្រូវ​ការ​ជា​ចាំ​បាច់​សម្រាប់​បរិបទ​ឌីជីថល​ថ្មី​។

3. បំពេញ​ចន្លោះ​ប្រហោង​ជា​មួយ​ដំណោះ​ស្រាយ​ថ្មី​ ឧទាហរណ៍​ដូច​ជា​ការ ប្រើ​សេវា​ជំនាញ​ខាង​ក្រៅ​ដើម្បី​បំពេញ​តួ​នាទី​ និង​មុខងារ​ដែល​ខ្វះ​ខាត​ ឬ​ការ​ប្រើ​វិធី​សាស្ត្រ​ស្វ័យ​ប្រវត្តិ​ និង​បញ្ជា​សិប្បនិម្មិត​ (AI) ដើម្បី​កាត់​បន្ថយ​តម្រូវ​ការ​នានា​ពី​និយោជិត​។

ចំពោះ​និយោជិត​វិញ​ តើ​គួរ​ត្រៀម​ខ្លួន​បែប​ណា​ដើម្បី​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​យុគ​ឌីជីល​? មាន​ជំហាន​សំខាន់​ចំនួន​ ៥ ដែល​អ្នក​អាច​ធ្វើ​បាន​៖

​1. ជំរុញ​ចិត្ត​ និង​តាម​ដាន​ទំនោរ​ថ្មីៗ​នៅ​លើ​ឌីជីថល​។ អ្នក​គួរ​ព្យាយាម​ស្វែង​យល់​ តាម​ដាន​ និង​កត់​សម្គាល់​ពី​និន្នាការ​ថ្មីៗ​ ដែល​អាច​ប្រើ​សម្រាប់​ធ្វើ​ឲ្យ​ប្រសើរ​លើ​ជំនាញ​ និង​ប្រតិបត្តិ​ការ​ជំនួញ​ជា​ដើម​។ ឧទាហរណ៍​ដូច​ជា​ ការ​ប្រើ​ទិន្នន័យ​មក​គាំទ្រ​ការ​សម្រេច​ចិត្តជាជាង ការ​សម្រេច​ចិត្ត​ទៅ​តាម​អារម្មណ៍​។

2. កំណត់​គោល​ដៅ​ឲ្យ​បាន​ត្រឹម​ត្រូវ​៖ គួរ​ព្យាយាម​ស្វែង​រក​ឲ្យ​ឃើញ​នូវ​បទពិសោធន៍​ និង​ភាព​ខ្លាំង​ខុស​ប្លែក​ពី​គេ​ របស់​ខ្លួន​ដែល​អាច​ស៊ី​នឹង​បរិបទ​ថ្មី​។ ឧទាហរណ៍​អ្នក​ពូកែ​លក់​ផ្ទាល់​ហើយ​ តើ​មាន​វិធី​អាច​លក់​ថ្មី​លើ​ឌីជីថល​ដែល​អាច​ឲ្យ​អ្នក​ពង្រីក​ការ​លក់​បាន​កាន់​តែ​ទូលំ​ទូលាយ​ទេ​។

​3. ឱកាស​រៀន​គ្មាន​ដែន​កំណត់​។ បើ​ចង់​រៀន​អ្វី​ថ្មី​ គួរ​វិនិយោគ​លើ​ខ្លួន​ឯង​លើ​វេទិកា​សិក្សា​ឌីជីថល​ជា​ច្រើន​ដូច​ជា ​Udemy ​និង​ LinkedIn​ Learning ជា​ដើម។

4. ពង្រីក​បណ្ដាញ​ទំនាក់​ទំនង​ឲ្យ​បាន​ទូលំ​ទូលាយ​។​ បណ្ដាញ​ទំនាក់​ទំនង​គឺ​មាន​សម្បូរ​បែប​ដែល​អាច​ឲ្យ​អ្នក​ភ្ជាប់​ខ្លួន​ឯង​ទៅ​នឹង​មនុស្ស​ដែល​មាន​ចំណាប់​អារម្មណ៍​ស្រដៀង​គ្នា​ឬ​អ្នក​មាន​ជំនាញ​ថ្មី​ដែល​អ្នក​ចង់​ចេះ​បាន​។

5. បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​៖ វេទិកា​ដូច​ជា ​LinkedIn ជា​ដើម​ជា​កន្លែង​ដែល​អាច​បង្អួត​ភាព​ពូកែ​ ជំនាញ ​ដើម្បី​បង្កើត​ជា​ឱកាស​ថ្មីៗ​ និង​ជួយ​ឲ្យ​អ្នក​ដទៃ​រីក​ចម្រើន​ជា​មួយ​គ្នា​។

 ជា​រួម​មក​ ដើម្បី​បំពេញ​ចន្លោះ​ខ្វះ​ខាត​នេះ​គឺ​ តម្រូវ​ឲ្យ​ទាំង​និយោជក​ និង​និយោជិត​ធ្វើ​ការ​ចូល​រួម​ទាំង​សង​ខាង​។ និយោជក​ត្រូវ​ចូល​រួម​វិនិយោគ​លើ​ការ​បង្វឹក​ជំនាញ​ថ្មីៗ​ដល់​និយោជិត​ ហើយ​និយោជិត​ខ្លួន​ឯង​ក៏​ត្រូវ​បើក​ចិត្ត​ សំលៀង​គំនិត​ទទួល​យក​ជំនាញ​ និង​ឱកាស​ថ្មីៗ​ដូច​គ្នា​៕​