Go Back

ពេល​ខ្លះ​អ្នក​ស្វែង​រក​ការងារ​លេង​ៗ​ ស្រាប់​តែ​ប្រទះ​នឹង​ការងារ​ដែល​ខ្លួន​ស្រលាញ់​ និង​ចង់​សាក​ល្បង​ធ្វើ​ តែ​ទាស់​ត្រង់​ថា​ អ្នក​គ្មាន​បទ​ពិសោធន៍​ ឬ​បទ​ពិសោធន៍​មិន​ពាក់​ព័ន្ធ​នឹង​ជំនាញ​នោះ​។​ អញ្ចឹង​គួរ​បោះ​បង់​មែន​អត់​?​ បើ​តាម​អ្នក​ជំនាញ​ Amanda​ Augustine​ មក​ពី​ Top​Resume​ ណែ​នាំ​ថា​ អ្នក​គួរ​សាក​ល្បង​ដាក់​ តែ​ក៏​ត្រូវ​ប្រាកដ​ថា ​អ្នក​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​បង្ហាញ​សមត្ថភាព​ខ្លួន​ឯង​។​

 

ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ ​និង​កសាង​ជំនាញ​ដែល​ចាំ​បាច់​

បើ​អ្នក​ចង់​សាក​ល្បង​ការងារ​ ឬ​តួ​នាទី​ថ្មី​ណា​មួយ​ ​មិន​ធ្លាប់​មាន​ពី​មុន​មក​ សាក​មើល​ពណ៌នា​ការងារ​របស់​មុខ​តំណែង​ដូច​គ្នា​នោះ​ពី​ក្រុមហ៊ុន​ ៣​ ទៅ​ ៥​ ផ្សេង​គ្នា​ដើម្បី​ប្រៀប​ធៀប​។​ ពេល​នោះ​អ្នក​នឹង​ឃើញ​ថា​ ជំនាញ​ណា​មួយ​ដែល​ត្រូវ​ការ​ចាំ​បាច់​សម្រាប់​មុខ​តំណែង​នោះ​។​ បន្ទាប់​មក​ បើ​មាន​ជំនាញ​ណា​អ្នក​មិន​ទាន់​ចេះ​ អ្នក​អាច​សាក​ល្បង​សិក្សា​វគ្គ​ខ្លី​ៗ​លើ​អនឡាញ​មិន​មែន​ដើម្បី​ក្លាយ​ជា​អ្នក​ជំនាញ​នោះ​ទេ ​តែ​ដើម្បី​ដឹង​ និង​មាន​មូលដ្ឋាន​គ្រប់​គ្រាន់​សម្រាប់​យក​ទៅ​រៀប​រាប់​ក្នុង​សម្ភាស​ និង​យក​ទៅ​ធ្វើ​ការ​បាន​។​ បែប​​នេះ​ អ្នក​មាន​ចំណុច​ពាក់​ព័ន្ធ​ល្អ​ៗ​ដើម្បី​ឆ្លើយ​ឆ្លង​ជា​មួយ​អ្នក​ធ្វើ​សម្ភាស​បាន​យ៉ាង​ល្អ​។​

​ចេះ​អួត​ពី​ខ្លួន​ឯង​បើ​អ្នក​ទើប​រៀន​ចប់​ មិន​ទាន់​មាន​បទ​ពិសោធន៍​ការងារ​ ហើយ​ចង់​បាន​ការងារ​ដំបូង​ដែល​តម្រូវ​ឲ្យ​មាន​បទ​ពិសោធន៍​ ១​ ទៅ​ ២​ ឆ្នាំ​ កុំ​ទាន់​តក់​ស្លុត​។​ អ្នក​អាច​យក​ប៊ិច​ និង​ក្រដាស​សរសេរ​ពី​ បទ​ពិសោធន៍​នៅ​សាកល​វិទ្យាល័យ​របស់​អ្នក​ពាក់ព័ន្ធ​នឹង​ ការងារ​ស្ម័គ្រ​ ការ​ចុះ​កម្ម​សិក្សា​ និង​ការ​សាក​ល្បង​ការងារ​រយៈ​ពេល​ខ្លី​ណា​មួយ​ ហើយ​ព្យាយាម​លើក​យក​ពី​ចំណុច​ល្អៗ​ដែល​អ្នក​សម្រេច​បាន​មក​បង្ហាញ។​ បើ​អ្នក​កំពុង​រៀន​ ហើយ​មិន​ទាន់​មាន​បទ​ពិសោធន៍​សោះ​ ក៏​គួរ​ស្វែង​រក​ការងារ​ស្ម័គ្រ​ចិត្ត​ និង​ហាត់​ការ​ណា​មួយ​ធ្វើ​ ដោយ​ផ្តោត​សំខាន់​លើ​ជំនាញ​ បទ​ពិសោធន៍​ជា​ជាង​ប្រាក់​ខែ​។​

 

ចេះ​រក​ជំនួយ​

ការ​ស្រាវ​ជ្រាវ​របស់​ Hewlett​ Packard ​(HP)​ បាន​រក​ឃើញ​ថា​ មនុស្ស​ជា​ច្រើន​ពិសេស​នារី​គឺ​ មិន​ហ៊ាន​ដាក់​ការងារ​ថ្មី​ឡើយ​ ប្រសិន​បើ​មិន​មាន​គ្រប់​ចំណុច​ដែល​ចង់​បាន​ក្នុង​ការ​ប្រកាស​ជ្រើស​រើស​បុគ្គលិក​។​ ផ្ទុយ​ពី​នេះ​ អ្នក​ជំនាញ​ណែ​នាំ​ថា​ មិន​ចាំ​បាច់​ចេះ​គ្រប់​ដប់​ទើប​អាច​ដាក់​ការងារ​ធ្វើ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ ​រៀន​រក​ជំនួយ​។​ បើ​អាច​គួរ​រក​អ្នក​ស្គាល់​ដែល​កំពុង​ធ្វើ​ការ​នៅ​កន្លែង​ណា​មួយ​ បង​ប្អូន​ ឬ​រៀម​ច្បង​ឲ្យ​ជួយ​និយាយ​ ឬ​ផ្ញើ​ពាក្យ​ដាក់​។​ អ្នក​អាច​ប្រើ​រូប​ភាព​ស្នើ​សុំ​ការ​ណែ​នាំ​ សុំ​យោបល់​ និង​បង្ហាញ​ពី​ចេតនា​ និង​ការ​តាំង​ចិត្ត​ខ្ពស់​ ដើម្បី​ឲ្យ​រៀម​ច្បង​ ឬ​មនុស្ស​ស្គាល់​គ្នា​នោះ​ ទុក​ចិត្ត​ និង​ចង់​ជួយ​អ្នក​៕​