Search for Job Here
Go Back
មេដឹកនាំដ៏អស្ចារ្យសម្រាប់កំពូលអ្នកលក់ និងជាគ្រូបង្វឹកដ៏មានឈ្មោះបោះសំឡេងជនជាតិអាមេរិកលោក Brian Tracy ផ្ដោតលើគុណសម្បត្តិពីរគឺ មានចក្ខុវិស័យវែងឆ្ងាយ និងមានឥរិយាបថវិជ្ជមាន។
លក្ខណៈសម្បត្តិចម្បងរបស់មេដឹកនាំដែលពូកែគឺ សមត្ថភាពគិតដល់អនាគតជារឿយៗ។ ពួកគេចូលចិត្តគិត ពីអ្វីដែលនឹងកើតមាន និងលេចចេញនៅពេលខាងមុខ ជាជាងនៅជាប់គាំងនឹងអតីតកាល។ ពួកគេផ្ដោតពីឱកាសនៅថ្ងៃបន្ទាប់ជាជាងផ្តោតលើបញ្ហាពីថ្ងៃម្សិលមិញ។មានមេដឹកនាំត្រឹម ១០% ប៉ុណ្ណោះដែលមានសមត្ថភាពមើលឃើញអនាគតនេះ។ ដើម្បីឲ្យការគិតរបស់អ្នកដូចមេដឹកនាំឆ្នើម អ្នកត្រូវរៀនអនុវត្តនូវការគិតដ៏ត្រឹមត្រូវឥតខ្ចោះនូវផ្នែកផ្សេងៗគ្នានៃជីវិត។ ដំបូងត្រូវចេះស្រមើស្រមៃ ហើយគិតថា អ្វីដែលអ្នកអាចធ្វើបាន ទទួលបាន និងមានបានគឺ គ្មានដែនកំណត់ឡើយ។ ស្រមៃមើលថា អ្នកអាចមានពេល មានប្រាក់កាសដែលអ្នកត្រូវការ មានការអប់រំ និងចំណេះដឹងដែលអ្នកស្រមៃ មានទេពកោសល្យ និងបទពិសោធន៍ មានមនុស្សជុំវិញពូកែៗ នោះចិត្តរបស់អ្នកនឹងនាំអ្នកទៅសម្រេចការងារនោះដោយជោគជ័យ។បើចង់ឈានដល់ចំណុចកំពូលក្នុងនាមជាអ្នកជំនួញដែលអ្នកចង់ទៅដល់ តើចំណេះដឹង ជំនាញ និងលក្ខណៈសម្បត្តិអ្វីខ្លះដែលអ្នកគួរចេះដើម្បីឈានទៅដល់កម្រិតនោះ?
ពេលអ្នកចាប់ផ្ដើមអនុវត្តគំនិត ស្រមើស្រមៃនេះ នោះអ្នកនឹងជះឥទ្ធិពលដល់គ្រួសារ ហិរញ្ញវត្ថុ និងសុខភាពរាងកាយរបស់អ្នកដូចគ្នា។ ពេលអ្នកធ្វើបាននោះអ្នកក៏នឹងបន្សំខ្លួនជាមួយនឹងអ្វីគ្រប់គ្នាហៅថា ជាទស្សនៈវិស័យវែងឆ្ងាយ។ ងាកមកឥរិយាបថវិញ មេដឹកនាំដែលមានការគិតវែងឆ្ងាយច្រើនជាអ្នកដែលមានគំនិតសុទិដ្ឋិនិយម។ មនុស្សធម្មតាគិតឃើញតែពីបច្ចុប្បន្នភាព និងចំណង់ភ្លាមៗ។ តែមេដឹកនាំដែលពូកែគិតដល់អ្វីដែលគេចង់បាននៅ ៥ឆ្នាំ ឬ ១០ឆ្នាំបន្ទាប់ ហើយគេចំណាយពេលមួយវិនាទី មួយនាទី មួយថ្ងៃធ្វើរឿងដែលនាំគេទៅសម្រេចគោលដៅនោះ។មេដឹកនាំដែលពូកែជំរុញទឹកចិត្តអ្នកដទៃ មិត្តភក្តិ អតិថិជន សហការី និងកូនចៅរបស់គេ ពីព្រោះក្នុងចិត្តគឺ ពួកគេជំរុញខ្លួនឯងរួចទៅហើយ។ គេរីករាយនឹងលទ្ធភាពដែលអាចបង្កើតអនាគតដ៏ត្រចះត្រចង់មួយសម្រាប់ខ្លួនឯង និងមនុស្សជុំវិញ។ ពួកគេក្រោកពីដំណេកដោយមិនរេរា ធ្វើរឿងល្អៗពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីជំរុញឆ្ពោះទៅមុខដោយវិជ្ជមាន។
ពួកគេមានសុទិដ្ឋិនិយម។ ពួកគេសម្លឹងឃើញតែពីឱកាស និងភាពទៅរួចដែលអាចកើតមានមិនថា រឿងនេះកើតឡើងល្អ ឬមិនល្អនោះទេ។ គេសម្លឹងមើលឃើញតែរឿងល្អគ្រប់ស្ថានការណ៍ និងគ្រប់មនុស្សដែលគេជួប។ គេរករៀនអ្វីដែលថ្មី ល្អៗពីបញ្ហារបស់គេ។ គេមិនហៅអ្វីដែលមិនល្អកើតឡើងជាបរាជ័យទេ តែជាមេរៀនជីវិតដ៏ល្អ។
ជារួមមក កំពូលមេដឹកនាំដែលអស្ចារ្យគឺ ជាមនុស្សដែលមានក្តីសង្ឃឹមដ៏រស់រវើក និងមានការមើលឃើញបានវែងឆ្ងាយទៅអនាគត៕