កំហុស១០ យ៉ាងគួរចៀសវាងពេលទៅសម្ភាស

img

ការ​មិន​បាន​ត្រៀម​ខ្លួន​ឲ្យ​ល្អ​សម្រាប់​ការ​សម្ភាស​ជា​រឿយ​​ៗ​បង្ក​ជា​ផល​វិបាក​ ឬ​អាច​ឲ្យ​ការ​សម្ភាស​អ្នក​បរាជ័យ​។​ ទាំង​នេះ​ជា​កំហុស​ ១០​ យ៉ាង​ដែល​ឧស្សាហ៍​កើត​មាន​បើ​គ្មាន​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ជា​មុន​។​

 

១​. ស្លៀក​ពាក់​មិន​សមរម្យ​

ការ​រៀប​ចំ​ខ្លួន​ជា​ចំណុច​ដំបូង​គេ​ ដែល​ទាក់​ទាញ​ដល់​អ្នក​សម្ភាស​ ដូច្នេះ​ បើ​អ្នក​រៀប​ចំ​ខ្លួន​មិន​បាន​ល្អ​ទេ​ ទំនុក​ចិត្ត​របស់​អ្នក​ក៏​ខើច​ទៅ​តាម​នោះ​ដែរ​។​

 

២.​ ទៅ​សម្ភាស​យឺត​

ការ​ចូល​សម្ភាស​យឺត​បង្ហាញ​ពី​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ និង​គោរព​ម៉ោង​ពេល​របស់​អ្នក​រួច​ទៅ​ហើយ​។​ ដូច្នេះ​គួរ​សួរ​នាំ​ឲ្យ​ស្គាល់​ក្រុម​ហ៊ុន​ដែល​ត្រូវ​ទៅ​សម្ភាស​ជា​មុន​ និង​រយៈ​ពេល​ធ្វើ​ដំណើរ​ដើម្បី​ចៀស​វាង​ការ​ខក​ខាន​ដោយ​ប្រការ​ណា​មួយ​។​

 

៣.​ កាន់​ភេសជ្ជៈ​ចូល​សម្ភាស​

ការ​កាន់​ភេសជ្ជៈ​ចូល​សម្ភាស​បង្ហាញ​ឲ្យ​ឃើញ​ភាព​មិន​សមរម្យ​ មិន​យក​ចិត្ត​ទុក​ដាក់​របស់​អ្នក​។​ បើ​ស្រេក​ទឹក​ ឬ​ឃ្លាន​កាហ្វេ​ខ្លាំង​ គួរ​ញ៉ាំ​ឲ្យ​អស់​មុន​ចូល​សម្ភាស​ជា​ជាង​ការ​កាន់​រយីង​រយោង​។​

 

៤.​ បើក​សម្លេង​ទូរស័ព្ទ​ ឬ​ប្រើ​ទូរស័ព្ទ​ពេល​សម្ភាស​

អ្នក​គួរ​បិទ​សម្លេង​រោទ៍​ ឬ​បើ​អាច​បិទ​ទូរស័ព្ទ​តែ​ម្ដង​ពេល​ចូល​សម្ភាស​ ព្រោះ​វា​ជា​អាកប្បកិរិយា​មិន​សម​គួរ​ដែល​អាច​ឲ្យ​អ្នក​ធ្លាក់​សម្ភាស​បាន​ដោយ​ងាយ​។​

 

៥.​ មិន​ស្គាល់​អី​បន្តិច​ពី​ក្រុម​ហ៊ុន​

ត្រូវ​សិក្សា​ឲ្យ​ដឹង​ខ្លះ​ៗ​ពី​ក្រុម​ហ៊ុន​ជា​មុន​ កុំ​ឲ្យ​ពេល​អ្នក​សម្ភាស​សួរ​ អ្នក​ឆ្លើយ​ថា​ អត់​ដឹង​ផង​ ដែល​នេះ​ក៏​អាច​ឲ្យ​អ្នក​ធ្លាក់​បាន​ដូច​គ្នា​។​

 

៦.​ និយាយ​ផ្ទុយ​ពី​ប្រវត្តិ​រូប​

ត្រូវ​រៀប​ចំ​ប្រវត្តិ​រូប​ (CV) ​ឲ្យ​បាន​ល្អ​ ខែ​ឆ្នាំ​ធ្វើ​ការ​ ខែ​ឆ្នាំ​សិក្សា​ ត្រូវ​ប្រាកដ​អ្នក​ចាំ​ច្បាស់​ និង​អាច​និយាយ​បាន​ដោយ​រលូន​ កុំ​ឲ្យ​ពេល​បរិយាយ​គឺ​ ផ្ទុយ​ពី​អ្វី​ដែល​អ្នក​សរសេរ​ ដែល​នេះ​ក៏​បង្ហាញ​ពី​ការ​បាត់បង់​ទំនុក​ចិត្ត​ដែរ​។​

 

៧.​ មិន​យក​ចិត្ត​ទុក​ដាក់​

បង្ហាញ​ការ​ស្ដាប់​ និង​ក្រសែ​ភ្នែក​ទំនាក់​ទំនង​ដោយ​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​អ្នក​សម្ភាស​។​

ការ​បង្ហាញ​ពី​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ក៏​អាច​ឲ្យ​អ្នក​សម្ភាស​មាន​អារម្មណ៍​មិន​ល្អ​ និង​ចាត់​ពិន្ទុ​មិន​ល្អ​ដល់​អ្នក​ដូច​គ្នា​។​

 

៨.​ និយាយ​បែក​អូរ​ហូរ​ស្ទឹង​

មិន​និយាយ​សោះ​ក៏​មិន​ល្អ​ តែ​បើ​និយាយ​បែក​អូរ​ហូរ​ស្ទឹង​ពេក​ក៏​គួរ​ឲ្យ​ធុញ​ដូច​គ្នា​។​ ឆ្លើយ​សំណួរ​ឲ្យ​បាន​ចំ​ៗ​ ច្បាស់​ៗ​ មិន​ចាំ​បាច់​ប៉ប៉ាច់​ប៉ប៉ោច​ពេក​ក៏​បាន​។​

៩​ មិន​ត្រៀម​ឆ្លើយ​សំណួរ​លំបាក​ៗ​

ក្រៅ​តែ​ពី​សំណួរ​ទូទៅ​ពី​អ្នក ​និង​បទ​ពិសោធន៍​ចាស់ៗ​ អ្នក​ក៏​គួរ​ត្រៀម​ឆ្លើយ​សំណួរ​លំបាក​ៗ​ជា​មុន​ដូច​គ្នា​។​ ឧទាហរណ៍​អ្នក​សម្ភាស​ឲ្យ​ស្ថាន​ភាព​មួយ​ឲ្យ​អ្នក​ដោះ​ស្រាយ​បញ្ហា​ តើ​អ្នក​នឹង​ដោះ​ស្រាយ​ដោយ​​របៀប​ណា​?​

 

១​០​. និយាយ​មិន​ល្អ​ពី​ក្រុម​ហ៊ុន​ចាស់​

មូល​ហេតុ​ចម្បង​មួយ​អាច​ឲ្យ​អ្នក​អត់​បាន​ការងារ​គឺ​ ការ​និយាយ​ដើម​ក្រុមហ៊ុន​ចាស់​។​ ជា​ធម្មតា​ បើ​អ្នក​និយាយ​មិន​ល្អ​ពី​ក្រុម​ហ៊ុន​ចាស់​ អនាគត​ក្រុមហ៊ុន​ដែល​ចង់​បាន​អ្នក​ក៏​នឹង​គិត​ថា​ ថ្ងៃ​មុខ​អ្នក​ក៏​និយាយ​អាក្រក់​ពី​ក្រុមហ៊ុន​គេ​បាន​ដូច​គ្នា​។​ អញ្ចឹង​គួរ​ចៀស​វាង​ចំណុច​នេះ​ មិន​ថា​ អ្នក​អាក់​អន់​ស្រពន់​ចិត្ត​យ៉ាង​ម៉េច​ក៏​ដោយ​។​

 

កុំ​ឲ្យ​កំហុស​សាមញ្ញ​ៗ​ទាំង​នេះ​ ទាញ​ទម្លាក់​សក្ដានុពល​របស់​អ្នក​ពេល​សម្ភាស​ណា៎!​