គួរចរចាប្រាក់ខែបែបម៉េចទើបល្អ ពេលសម្ភាស?
ចង់បានប្រាក់ខែប៉ុន្មាន?
នេះជាសំណួររសើបដែលត្រូវចោទសួរស្ទើរគ្រប់ការសម្ភាស។
ការឆ្លើយសំណួរនេះអាចបង្ហាញចេញនូវសមត្ថភាពរបស់អ្នក ដែលអាចឲ្យអាចទទួលបានការងារជាមួយកម្រៃដ៏ខ្ពស់។
តែផ្ទុយទៅវិញ
ក៏អាចសម្លាប់អ្នកភ្លាមៗផងដែរ បើឆ្លើយមិនបានល្អ។ តែអ្នកអាចសាកល្បងតិចនិក ចរចាប្រាក់ខែខាងក្រោមនេះបាន៖
១. ឆែកមើលតម្លៃទីផ្សារទូទៅជាមុន
មុននឹងទៅចរចាប្រាក់ខែជាមួយគេបាន យើងត្រូវដឹងថាតំណែងនេះមានស្តង់ដារប្រាក់ខែខ្ទង់កម្រិតណា ហើយក្រុមហ៊ុនទូទៅអាចឲ្យកម្រិតណាដែរ ដូច្នេះយើងនឹងបានដឹងពីចំនួនសមរម្យដែលគួរទារពីគេ។ អាចសាកសួរពីមិត្តភ័ក្ដិ ឬសិស្សច្បងដែលជិតស្និទ្ធសាកមើល។
២. ប្រាប់ប្រាក់ខែឲ្យខ្ពស់ជាងប្រាក់ខែដែលចង់បាន
រឿងប្រាក់ខែនេះមួយមិនចាំបាច់ដាក់ខ្លួនក៏បាន បើយើងពូកែ យើងមានសមត្ថភាព ដូច្នេះច្បាស់ណាស់ថាក្រុមហ៊ុននឹងត្រូវការយើង។ ទារគេឲ្យខ្ពស់ៗនោះអ្នកនឹងមានភាពងាយស្រួលពេលចរចា ហោចណាស់ពេលចរចារួចយើងក៏ទទួលបានតួលេខដែលខ្ពស់គួរសមដែរ។
៣. ដឹងពីការចង់បានរបស់ក្រុមហ៊ុន
មើលតាម Job description បានសម្រាប់ចំណុចនេះ ប៉ុន្តែត្រូវមើលឲ្យស៊ីជម្រៅជាងនេះផង ដូចជា កំឡុងពេលសម្ភាសន៍ក៏គួរសួរគេថា “ពេលនេះក្រុមហ៊ុនអ្នកចង់ធ្វើអ្វីឲ្យជោគជ័យជាអាទិភាព?"
ឬ “តើចង់ឲ្យខ្ញុំធ្វើអ្វីខ្លះក្នុងការងារនេះ?” នោះអ្នកនឹងបានដឹងថាក្រុមហ៊ុនត្រូវការអ្វី ហើយមានអ្វីខ្លះដែលយើងអាចនឹងស្នើសុំទៅគេបាន។
៤. ចេះអួតចំណុចពូកែរបស់ខ្លួន
ធ្វើបញ្ជីមួយមកថាយើងមានចំណុចលេចធ្លោអ្វីខ្លះ ធ្លាប់ទទួលជោគជ័យអ្វីខ្លះពីមុន ហើយបើមានភស្តុតាងយកទៅបង្ហាញគេ
នឹងកាន់តែល្អ ព្រោះវានឹងជាគ្រឿងជំនួយក្នុងការចរចាប្រាក់ខែរបស់អ្នកឲ្យកាន់តែងាយស្រួល។
៥. កុំមើលតែប្រាក់ខែមួយមុខ
បើទោះបីប្រាក់ខែអាចតិចជាងការងារចាស់ ឬការរំពឹងទុក ប៉ុន្តែបើបើយើងអាចបានអត្ថប្រយោជន៍ល្អជាង
ឬបរិយាកាសការងារដែលល្អជាង វាក៏មិនគួរជាបញ្ហា ដូចជាម៉ោងធ្វើការតិចជាង ជិតផ្ទះ ការងារស្រាលជាង ឱកាសរីកចម្រើនខ្ពស់ និងបានរៀន
Free ជាដើម។
៦. ចេះបញ្ចេញបញ្ចូលខ្លះ
នៅពេលសម្ភាសន៍ គេតែងសួរពីប្រាក់ខែដែលយើងធ្លាប់ទទួលបានពីមុន ប៉ុន្តែយើងក៏មិនចាំបាច់ទៅប្រាប់គេតាមត្រង់គ្រប់យ៉ាងនោះដេរ។ រឿងបែបនេះបើយើងនិយាយឲ្យលើសជាងការពិតតិចតួចក៏គ្មាននរណាថាអីដែរ ដើម្បីឲ្យបានប្រាក់ខែច្រើនៗ ទៅតាមអ្វីដែលយើងរំពឹងទុក។
៧. សួរបកវិញ និងមើលចិត្តអ្នកសម្ភាស
ការចរចាដោយល្អ មិនចាំបាច់ត្រូវនិយាយអ្វីច្រើននោះទេ ពេលខ្លះគេអាចនឹងសុំឲ្យយើងប្រាប់ពីតួលេខដែលយើងចង់បាន ប៉ុន្តែយើងក៏អាចនិយាយសុំឲ្យខាងគេជាអ្នកស្នើវិញ។ បើចៃដន្យគេស្នើប្រាក់ខែដែលខ្ពស់ជាងចំនួនដែលយើងរំពឹងទុក ក៏កុំប្រញាប់យល់ព្រម គួរធ្វើជាគិតបន្តិចសិន ហើយនិយាយថា អឺ...
ប៉ុណ្ណឹងក៏បានដែរ។
៨. ហាត់សមឲ្យបានច្រើន
គ្មាននរណាពូកែខាងចរចាតាំងពីកំណើតនោះទេ គ្រប់យ៉ាងគឺអាចហាត់បាន។ សាកល្បងសុំឲ្យមិត្តភ័ក្ដិមកហ្វឹកហាត់ជាមួយអ្នក និងដាក់ពាក្យសុំធ្វើការឲ្យបានច្រើនកន្លែង ដើម្បីឲ្យជំនាញសម្ភាសការងាររបស់អ្នករីកចម្រើនបានលឿន។ ពេលជឿជាក់ខ្លួនឯងហើយ សឹមដាក់ទៅក្រុមហ៊ុនដែលអ្នកចង់ទៅធ្វើ ៕