ធ្វើយ៉ាងណាដើម្បីក្លាយជាបុគ្គលលេចធ្លោនៅក្នុងក្រុម
សមត្ថភាពដើម្បីសម្រេចគោលដៅនៅកន្លែងការងារតម្រូវឲ្យមានការសហការគ្នា។
មិនថា អ្នកកំពុងមានក្រុម ឬត្រៀមចូលរួមក្រុមថ្មីណាមួយ
ការអភិវឌ្ឍជំនាញធ្វើការជាក្រុមនឹងជួយអ្នកឲ្យទទួលបានជោគជ័យក្នុងការងារ
មិនថា អ្នកស្ថិតក្នុងជំនាញណា ឬកម្រិតអាជីពណានោះទេ។
ដើម្បីឲ្យក្រុមការងារសម្រេចបានលទ្ធផលល្អ
និងបង្ហាញភាពលេចធ្លោក្នុងក្រុម
សមាជិកក្រុមដែលមានសក្ដានុពលច្រើនមានលក្ខណៈសម្បត្តិមួយចំនួនជាប់នឹងខ្លួន។
១
ស្គាល់ច្បាស់ពីតួនាទីរបស់ខ្លួន
ការដឹងពីតួនាទីរបស់ខ្លួនជួយឲ្យអ្នកអាចសម្រេចការងារបានអស់ពីសមត្ថភាព។
មិនតែប៉ុណ្ណោះ អ្នកក៏ដឹងច្បាស់ថា
ការជួយដល់មិត្តរួមក្រុមគឺត្រឹមកម្រិតប៉ុណ្ណាដើម្បីចៀសវាងជាន់លើគំនូសរបស់គេ។
២
ស្វាគមន៍ការសហការគ្នា
ការធ្វើការជាក្រុមអ្នកនឹងទទួលបានគំនិតផ្សេងគ្នា
យោបល់ផ្សេងគ្នា។ បើទោះជាអ្នកគិតថា គំនិតអ្នកល្អជាងគេក៏ដោយក៏គួរស្ដាប់គំនិតគ្រប់គ្នា
មុននឹងសម្រេចបង្ហាញពីចំណុចល្អរបស់អ្នក។ ត្រូវចេះអត់ឱន
និងរក្សាភាពនឹងនមិនថា គំនិត
សកម្មភាពរបស់អ្នកទទួលបានរិះគន់ក៏ដោយ។
៣ ទទួលខុសត្រូវ
ហ៊ានទទួលកំហុស
និងស្វែងរកដំណោះស្រាយ។ ត្រូវដឹងថា សកម្មភាពរបស់ខ្លួនប៉ះពាល់ដល់ក្រុមទាំងមូលដូចម្ដេច។
ការធ្វើបែបនេះ អាចឲ្យអ្នករៀនពីកំហុស
និងទទួលបានការគោរពពីមិត្តរួមក្រុមដូចគ្នា។
៤ ចេះបត់បែន
កុំធ្វើតែការងារខ្លួនឯង
បើមានការងារសំខាន់ដែលថ្នាក់លើដាក់ឲ្យរៀនធ្វើវា ចេះជួយគ្នា
រិះគន់គ្រប់ឱកាសដើម្បីរៀនសូត្រអ្វីដែលថ្មី។
បែបនេះគ្រប់គ្នាចង់ធ្វើការជាមួយអ្នក និងកាន់តែទុកចិត្តអ្នក។
៥
មានគំនិតវិជ្ជមាន
មិនថា
អ្នកស្ត្រេសប៉ុណ្ណា ការរក្សាជំហរប្រកបដោយភាពវិជ្ជមាន
នឹងជួយឲ្យក្រុមការងារឆ្លងកាត់ការលំបាកបាន។
អត្តចរិតវិជ្ជមានរបស់អ្នកនឹងជះផលជាវិជ្ជមានដល់មជ្ឈដ្ឋានការងារដូចគ្នា។
៦
មានការប្ដេជ្ញាខ្ពស់ក្នុងក្រុម
អ្នកនឹងក្លាយជាសមាជិកដែលលេចធ្លោប្រសិនបើអ្នកបង្ហាញពីការជឿជាក់ទៅលើក្រុម
ដំណើរការ និងគោលដៅ។ ចំណុចវិជ្ជមាននេះនឹងជំរុញសីលធម៌
និងផលិតភាពនៅក្នុងក្រុម។
ក្រៅពី ៦
ចំណុចនេះ បើអ្នកចេះជួយយកអសារ
ចេះស្ដាប់សមាជិកក្រុមដោយយល់ពីអារម្មណ៍ ចេះទំនាក់ទំនងល្អ ចេះគោរពគ្នានិងគ្នា
ចេះជួយដោះស្រាយបញ្ហា និងចេះអបអរសាទរដល់មិត្តរួមក្រុម
នោះអ្នកប្រាកដជាក្លាយជាបុគ្គលលេចធ្លោក្នុងក្រុមជាក់ជាមិនខាន៕