របៀបបង្ហាញសក្ដានុពលរបស់ខ្លួនសម្រាប់អ្នកបទពិសោធន៍តិចតួចស្ដួចស្ដើង
ពេលខ្លះអ្នកស្វែងរកការងារលេងៗ
ស្រាប់តែប្រទះនឹងការងារដែលខ្លួនស្រលាញ់ និងចង់សាកល្បងធ្វើ
តែទាស់ត្រង់ថា អ្នកគ្មានបទពិសោធន៍
ឬបទពិសោធន៍មិនពាក់ព័ន្ធនឹងជំនាញនោះ។ អញ្ចឹងគួរបោះបង់មែនអត់?
បើតាមអ្នកជំនាញ Amanda
Augustine មកពី TopResume
ណែនាំថា អ្នកគួរសាកល្បងដាក់
តែក៏ត្រូវប្រាកដថា អ្នកត្រៀមខ្លួនរួចរាល់ដើម្បីបង្ហាញសមត្ថភាពខ្លួនឯង។
ត្រៀមខ្លួនឲ្យបានល្អ
និងកសាងជំនាញដែលចាំបាច់
បើអ្នកចង់សាកល្បងការងារ
ឬតួនាទីថ្មីណាមួយ មិនធ្លាប់មានពីមុនមក
សាកមើលពណ៌នាការងាររបស់មុខតំណែងដូចគ្នានោះពីក្រុមហ៊ុន ៣ ទៅ ៥
ផ្សេងគ្នាដើម្បីប្រៀបធៀប។ ពេលនោះអ្នកនឹងឃើញថា
ជំនាញណាមួយដែលត្រូវការចាំបាច់សម្រាប់មុខតំណែងនោះ។ បន្ទាប់មក
បើមានជំនាញណាអ្នកមិនទាន់ចេះ
អ្នកអាចសាកល្បងសិក្សាវគ្គខ្លីៗលើអនឡាញមិនមែនដើម្បីក្លាយជាអ្នកជំនាញនោះទេ
តែដើម្បីដឹង និងមានមូលដ្ឋានគ្រប់គ្រាន់សម្រាប់យកទៅរៀបរាប់ក្នុងសម្ភាស
និងយកទៅធ្វើការបាន។ បែបនេះ
អ្នកមានចំណុចពាក់ព័ន្ធល្អៗដើម្បីឆ្លើយឆ្លងជាមួយអ្នកធ្វើសម្ភាសបានយ៉ាងល្អ។
ចេះអួតពីខ្លួនឯងបើអ្នកទើបរៀនចប់
មិនទាន់មានបទពិសោធន៍ការងារ ហើយចង់បានការងារដំបូងដែលតម្រូវឲ្យមានបទពិសោធន៍
១ ទៅ ២ ឆ្នាំ កុំទាន់តក់ស្លុត។ អ្នកអាចយកប៊ិច និងក្រដាសសរសេរពី
បទពិសោធន៍នៅសាកលវិទ្យាល័យរបស់អ្នកពាក់ព័ន្ធនឹង ការងារស្ម័គ្រ
ការចុះកម្មសិក្សា និងការសាកល្បងការងាររយៈពេលខ្លីណាមួយ
ហើយព្យាយាមលើកយកពីចំណុចល្អៗដែលអ្នកសម្រេចបានមកបង្ហាញ។
បើអ្នកកំពុងរៀន ហើយមិនទាន់មានបទពិសោធន៍សោះ
ក៏គួរស្វែងរកការងារស្ម័គ្រចិត្ត និងហាត់ការណាមួយធ្វើ
ដោយផ្តោតសំខាន់លើជំនាញ បទពិសោធន៍ជាជាងប្រាក់ខែ។
ចេះរកជំនួយ
ការស្រាវជ្រាវរបស់
Hewlett Packard (HP) បានរកឃើញថា
មនុស្សជាច្រើនពិសេសនារីគឺ មិនហ៊ានដាក់ការងារថ្មីឡើយ
ប្រសិនបើមិនមានគ្រប់ចំណុចដែលចង់បានក្នុងការប្រកាសជ្រើសរើសបុគ្គលិក។
ផ្ទុយពីនេះ អ្នកជំនាញណែនាំថា មិនចាំបាច់ចេះគ្រប់ដប់ទើបអាចដាក់ការងារធ្វើនោះទេ
ផ្ទុយទៅវិញ រៀនរកជំនួយ។
បើអាចគួររកអ្នកស្គាល់ដែលកំពុងធ្វើការនៅកន្លែងណាមួយ បងប្អូន
ឬរៀមច្បងឲ្យជួយនិយាយ ឬផ្ញើពាក្យដាក់។
អ្នកអាចប្រើរូបភាពស្នើសុំការណែនាំ សុំយោបល់ និងបង្ហាញពីចេតនា
និងការតាំងចិត្តខ្ពស់ ដើម្បីឲ្យរៀមច្បង ឬមនុស្សស្គាល់គ្នានោះ
ទុកចិត្ត និងចង់ជួយអ្នក៕