រៀបចំតុធ្វើការបែបណាដើម្បីបង្កើនផលិតភាពការងារ

img

មាន​ដឹង​អត់​ថា ​កន្លែង​ដែល​អ្នក​អង្គុយ​ធ្វើ​ការ​ និង​បរិយាកាស​ការងារ​គឺ ​មាន​ឥទ្ធិពល​ដល់​លទ្ធផល​ការងារ​​របស់​អ្នក​។ បើ​តុ​របស់​អ្នក​គ្មាន​សណ្ដាប់​ធ្នាប់​របៀប​រៀប​រយ​ ការ​ធ្វើ​ការ​របស់​អ្នក​ក៏​អាច​នឹង​រញ៉េរញ៉ៃ​ទៅ​តាម​នោះ​ដែរ​។ ទាំង​នេះ​ជា​វិធី​ដែល​អ្នក​អាច​រៀប​ចំ​តុ​ធ្វើ​ការ​ដើម្បី​ជំរុញ​ឲ្យ​លទ្ធផល​ការ​បាន​ល្អ​ប្រសើរ​ជាង​មុន​។

១ សម្អាត​តុ​ឲ្យ​បាន​ស្អាត​មាន​របៀប

ឧស្សាហ៍​ជូត​សម្អាត​ Keyboard​ កុំព្យូទ័រ​និង​រៀប​របស់​របរ​លើ​តុ​ឲ្យ​មាន​របៀប​។ នោះ​វា​ស្ដែង​​ចេញ​ពី​ភាព​ស្រស់​ស្អាត​ មាន​វិន័យ​ ដែល​ជំរុញ​ឲ្យ​អ្នក​ចង់​អង្គុយ​ធ្វើ​ការ​ជាង​មុន​។​

២ បោះ​ចោល​របស់​ដែល​ឥត​ប្រយោជន៍​

មើល​លើ​តុ​មើល៍​ តើ​មាន​របស់​អ្វី​ខ្លះ​ដែល​ចាំ​បាច់​ត្រូវ​ប្រើ​ជា​ប្រចាំ​ ហើយ​របស់​ណា​ដែល​គរ​ជា​គំនរ​ឥត​ប្រយោជន៍​។ រៀប​ចំ​ទុក​ដាក់​ឲ្យ​ផុត​ពី​លើ​តុ​បើ​វា​មិន​ចាំ​បាច់​ប្រើ​ ដូច្នេះ​វា​ជៀស​វាង​បាន​នូវ​ភាព​ស្មុគ​លើ​តុ​ការងារ​របស់​អ្នក​។

៣ រៀប​ចំ​អេក្រង់​កុំព្យូទ័រ​ និង​ក្ដារ​ចុច​ឲ្យ​ដូច​អ្នក​ស្រមៃ​ចង់​ប្រើ​ម្ដងៗ​

តើ​អ្នក​ចង់​ចូល​មក​ឃើញ​កុំព្យូទ័រ​ និង​ក្ដារ​ចុច​មាន​របៀប​របប​បែប​ម៉េច​? បើ​ចង់​ឃើញ​ល្អ​មាន​របៀប​ ស្អាត​បាត​ដូច​នៅ​លើ​អ៊ីនធឺណិត​ជា​ដើម​ គួរ​រៀប​ចំ​បែប​នោះ​។​​ ធ្វើ​ដូច​នេះ​ ពេល​ចូល​មក​កាន់​តុ​ម្ដងៗ​អ្នក​នឹង​មាន​អារម្មណ៍​ស្រលាញ់​ ចង់​ធ្វើ​ការ​ជាង​មុន​។​

៤ ទុក​ដាក់​របស់​របរ​ទៅ​តាម​កន្លែង​

សម្ភារៈ​ប្រើ​ប្រាស់​គឺ​ គួរ​មាន​កន្លែង​ជាក់​លាក់​ណា​មួយ​សម្រាប់​វា​។ បែប​នេះ​មិន​ត្រឹម​តែ​ងាយ​ស្រួល​រក​ពេល​ចង់​ប្រើ​ទេ​ តែ​ក៏​មើល​ទៀត​មាន​សណ្ដាប់​ធ្នាប់​ល្អ​ផង​ដែរ​។

​៥ តាំង​របស់​ដែល​មាន​អត្ថន័យ​សម្រាប់​អ្នក​

រូប​ភាព​សមុទ្រ​ពណ៌​ខៀវ​ ធម្មជាតិ​ខៀវ​ស្រងាត់​ រូប​ភាព​ រូប​តាំង​ ដែល​មាន​អត្ថន័យ​សម្រាប់​អ្នក​ ពេល​អ្នក​ចូល​មក​អង្គុយ​ម្ដងៗ​ហាក់​ដូច​ជា​ផ្សារ​ភ្ជាប់​ និង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ​ ស្រស់​បស់ និង​មាន​គោល​បំណង​ជាក់​លាក់​ដើម្បី​សម្រេច​ការងារ​ប្រចាំ​ថ្ងៃ​។