លក្ខណៈសម្បត្តិ ២ យ៉ាងរបស់មេដឹកនាំដ៏ពូកែ

img

មេ​ដឹក​នាំ​ដ៏​អស្ចារ្យ​សម្រាប់​កំពូល​អ្នក​លក់​ និង​ជា​គ្រូ​បង្វឹក​ដ៏​មាន​ឈ្មោះ​បោះ​សំឡេង​ជន​ជាតិ​អាមេរិក​លោក​ Brian Tracy ​ផ្ដោត​លើ​គុណ​សម្បត្តិ​ពីរ​គឺ​ មាន​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​ និង​មាន​ឥរិយាបថ​វិជ្ជមាន​។

លក្ខណៈ​សម្បត្តិ​ចម្បង​របស់​មេ​ដឹក​នាំ​ដែល​ពូកែ​គឺ​ សមត្ថភាព​គិត​ដល់​អនាគត​ជា​រឿយៗ​។ ពួក​គេ​ចូល​ចិត្ត​គិត​ ពី​អ្វី​ដែល​នឹង​កើត​មាន​ និង​លេច​ចេញ​នៅ​ពេល​ខាង​មុខ​ ជា​ជាង​នៅ​ជាប់​គាំង​នឹង​អតីត​កាល​។ ពួក​គេ​ផ្ដោត​ពី​ឱកាស​នៅ​ថ្ងៃ​បន្ទាប់​ជា​ជាង​ផ្តោត​លើ​បញ្ហា​ពី​ថ្ងៃ​ម្សិល​មិញ​។មាន​មេ​ដឹក​នាំ​ត្រឹម​ ១០% ប៉ុណ្ណោះ​ដែល​មាន​សមត្ថភាព​មើល​ឃើញ​អនាគត​នេះ​។ ដើម្បី​ឲ្យ​ការ​គិត​​របស់​អ្នក​ដូច​មេ​ដឹក​នាំ​ឆ្នើម​ អ្នក​ត្រូវ​រៀន​អនុវត្ត​នូវ​ការ​គិត​ដ៏​ត្រឹម​ត្រូវ​ឥត​ខ្ចោះ​នូវ​ផ្នែក​ផ្សេងៗ​គ្នា​នៃ​ជីវិត​។ ដំបូង​ត្រូវ​ចេះ​ស្រមើ​ស្រមៃ​ ហើយ​គិត​ថា​ អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ ទទួល​បាន និង​មាន​បាន​គឺ គ្មាន​ដែន​កំណត់​ឡើយ​។ ស្រមៃ​មើល​ថា អ្នក​អាច​មាន​ពេល មាន​ប្រាក់​កាស​ដែល​អ្នក​ត្រូវ​ការ​ មាន​ការ​អប់​រំ​ និង​ចំណេះ​ដឹង​ដែល​អ្នក​ស្រមៃ​ មាន​ទេព​កោសល្យ​ និង​បទ​ពិសោធន៍​ មាន​មនុស្ស​ជុំ​វិញ​ពូកែៗ​ នោះ​ចិត្ត​របស់​អ្នក​នឹង​នាំ​អ្នក​ទៅ​សម្រេច​ការងារ​នោះ​ដោយ​ជោគជ័យ​។បើ​ចង់​ឈាន​ដល់​ចំណុច​កំពូល​ក្នុង​នាម​ជា​អ្នក​ជំនួញ​ដែល​អ្នក​ចង់​ទៅ​ដល់​ តើ​ចំណេះ​ដឹង​ ជំនាញ​ និង​លក្ខណៈ​សម្បត្តិ​អ្វី​ខ្លះ​ដែល​អ្នក​គួរ​ចេះ​ដើម្បី​ឈាន​ទៅ​ដល់​កម្រិត​នោះ​?​

ពេល​អ្នក​ចាប់​ផ្ដើម​អនុវត្ត​គំនិត​ ស្រមើ​ស្រមៃ​នេះ​ នោះ​អ្នក​នឹង​ជះ​ឥទ្ធិពល​ដល់​គ្រួសារ​ ហិរញ្ញវត្ថុ​ និង​សុខភាព​រាង​កាយ​របស់​អ្នក​ដូច​គ្នា​។ ពេល​អ្នក​ធ្វើ​បាន​នោះ​អ្នក​ក៏​នឹង​បន្សំ​ខ្លួន​ជា​មួយ​នឹង​អ្វី​គ្រប់​គ្នា​ហៅ​ថា ​ជា​ទស្សនៈ​វិស័យ​វែង​ឆ្ងាយ​។ ងាក​មក​ឥរិយាបថ​វិញ​ មេ​ដឹក​នាំ​ដែល​មាន​ការ​គិត​វែង​ឆ្ងាយ​ច្រើន​ជា​អ្នក​ដែល​មាន​គំនិត​សុទិដ្ឋិនិយម​។ មនុស្ស​ធម្មតា​គិត​ឃើញ​តែ​ពី​បច្ចុប្បន្ន​ភាព​ និង​ចំណង់​ភ្លាមៗ​។ តែ​មេ​ដឹក​នាំ​ដែល​ពូកែ​គិត​ដល់​អ្វី​ដែល​គេ​ចង់​បាន​នៅ​ ៥​ឆ្នាំ​ ឬ​ ១០​ឆ្នាំ​បន្ទាប់​ ហើយ​គេ​ចំណាយ​ពេល​មួយ​វិនាទី​ មួយ​នាទី​ មួយ​ថ្ងៃ​ធ្វើ​រឿង​ដែល​នាំ​គេ​ទៅ​សម្រេច​គោល​ដៅ​នោះ​។មេ​ដឹក​នាំ​ដែល​ពូកែ​ជំរុញ​ទឹក​ចិត្ត​អ្នក​ដទៃ​ មិត្តភក្តិ​ អតិថិជន​ សហការី​ និង​កូន​ចៅ​របស់​គេ​ ពី​ព្រោះ​ក្នុង​ចិត្ត​គឺ​ ពួក​គេ​ជំរុញ​ខ្លួន​ឯង​រួច​ទៅ​ហើយ​។ គេ​រីករាយ​នឹង​លទ្ធភាព​ដែល​អាច​បង្កើត​អនាគត​ដ៏​ត្រចះ​ត្រចង់​មួយ​សម្រាប់​ខ្លួន​ឯង​ និង​មនុស្ស​ជុំ​វិញ។ ពួក​គេ​ក្រោក​ពី​ដំណេក​ដោយ​មិន​រេ​រា​ ធ្វើ​រឿង​ល្អៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ដើម្បី​ជំរុញ​ឆ្ពោះ​ទៅ​មុខ​ដោយ​វិជ្ជមាន​។

ពួក​គេ​មាន​សុទិដ្ឋិនិយម​។ ពួក​គេ​សម្លឹង​ឃើញ​តែ​ពី​ឱកាស​ និង​ភាព​ទៅ​រួច​ដែល​អាច​កើត​មាន​មិន​ថា​ រឿង​នេះ​កើត​ឡើង​ល្អ​ ឬ​មិន​ល្អ​នោះ​ទេ​។ គេ​សម្លឹង​មើល​ឃើញ​តែ​រឿង​ល្អ​គ្រប់​ស្ថាន​ការណ៍​ និង​គ្រប់​មនុស្ស​ដែល​គេ​ជួប។ គេ​រក​រៀន​អ្វី​ដែល​ថ្មី​​​ ល្អ​ៗ​ពី​បញ្ហា​របស់​គេ​។ គេ​មិន​ហៅ​អ្វី​ដែល​មិន​ល្អ​កើត​ឡើង​ជា​បរាជ័យ​ទេ​ តែ​ជា​មេរៀន​ជីវិត​ដ៏​ល្អ​។

ជា​រួម​មក​ កំពូល​មេ​ដឹក​នាំ​ដែល​អស្ចារ្យ​គឺ​ ជា​មនុស្ស​ដែល​មាន​ក្តី​សង្ឃឹម​ដ៏​រស់​រវើក​ និង​មាន​ការ​មើល​ឃើញ​បាន​វែង​ឆ្ងាយ​ទៅ​អនាគត​៕