វិធីគ្រប់គ្រងស្ត្រេសនៅកន្លែងការងារ

img

ស្ត្រេស​ជា​រឿង​ដែល​ជៀស​មិន​ផុត​នៅ​កន្លែង​ការងារ​ពិសេស​ សម្រាប់​អ្នក​ធ្វើ​ការ​ចាប់​ពី​កម្រិត​ថ្នាក់​ដឹក​នាំ​ឡើង​ទៅ​។​ ស្ត្រេស​ពេល​ខ្លះ​មក​ពី​ការ​មិន​ចេះ​បែង​ចែក​រវាង​ការ​ធ្វើ​ការ​ខ្លាំង​ និង​ប្រឹង​ធ្វើ​ការ​ជ្រុល​។​

 

ស្ត្រេស​អាច​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​រាប់​តាំង​ពី​ការងារ​ កត្តា​គ្រួសារ​ កត្តា​ខ្លួន​ឯង​ និង​សុខ​ភាព​ជា​ដើម​។​ ត្រូវ​ដឹង​ថា​ មូល​ហេតុ​ដែល​នាំ​ឲ្យ​ស្ត្រេស​នោះ​មក​ពី​ណា​។​ ទាំង​នេះ​ជា​មូល​ហេតុ​ដ៏​ពេញ​និយម​ដែល​បណ្ដាល​ឲ្យ​អ្នក​ស្ត្រេស​៖​

•           ប្រាក់​ខែ​តិច​ពេក​

•           ការងារ​ច្រើន​ពេក​

•           អត់​មាន​ឱកាស​អភិវឌ្ឍ​ ឬ​ឡើង​តំណែង​

•           ការងារ​មិន​មាន​ចំណុច​ទាក់​ទាញ​ ឬ​ស្រួល​ពេក​

•           គ្មាន​ការ​គាំទ្រ​ពី​មនុស្ស​ជុំ​វិញ​

•           គ្មាន​ការ​សម្រេច​ចិត្ត​លើ​ការងារ​ដែល​កំពុង​ធ្វើ​

•           តម្រូវ​ការ​មិន​ច្បាស់​ ឬ​ការ​រំពឹង​ទុក​មិន​ត្រឹម​ត្រូវ​ជា​ដើម​ ។​ល​។​

 

ដូច្នេះ​ ដើម្បី​​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ត្រូវ​រក​ឫស​គល់​ដែល​នាំ​ឲ្យ​អ្នក​មាន​បញ្ហា​ជា​មុន​។​

 

ទី​ ១​ ត្រូវ​រៀន​តាម​ដាន​

កត់​ត្រា​ពី​អារម្មណ៍​របស់​អ្នក​ថា​ នៅ​ពេល​ដែល​ស្ត្រេស​កើត​ឡើង​គឺ​នៅ​ពេល​ណា​ ស្ថាន​ភាព​ណា​?​ ហើយ​រក​​លំនាំ​ដែល​នាំ​ទៅ​រក​ស្ត្រេស​នោះ​។​

 

​ទី ​២​ រក​វិធី​ទប់​ទល់​ដែល​ល្អ​​សម្រាប់​សុខ​ភាព​

អ្នក​ខ្លះ​គឺ​ នៅ​ពេល​ស្ត្រេស​គឺ​ ចូល​ចិត្ត​ញ៉ាំ​អាហារ​ Fast​ Food​ សេព​គ្រឿង​ស្រវឹង​អី​ជា​ដើម​ដែល​នាំ​ឲ្យ​មាន​បញ្ហា​សុខ​ភាព​។​ សាក​ល្បង​ហាត់​ប្រាណ​ ហាត់​យូហ្គា​ ឬ​សកម្មភាព​ណា​ដែល​ល្អ​ចំពោះ​អ្នក​ពេល​មាន​អារម្មណ៍​ថា​ ស្ត្រេស​ម្ដង​ៗ​។​

 

ទី​ ៣​ ចេះ​កំណត់​ព្រំ​ប្រទល់​សម្រាប់​ខ្លួន​ឯង​

ក្នុង​សម័យ​ឌីជីថល​នេះ​ ការ​ឆ្លើយ​ឆ្លង​គ្រប់​ពេល​បង្ក​ផល​វិបាក​មួយ​ចំនួន​ចំពោះ​តុល្យភាព​ជីវិត​។​ ត្រូវ​រៀន​បង្កើត​តុល្យភាព​ការងារ​ និង​ជីវិត​សម្រាប់​ខ្លួន​ឯង​។​ តុល្យភាព​ត្រង់​នេះ​ មិន​សំដៅ​ថា​ ត្រូវ​ធ្វើ​ការ​ និង​សម្រាក​ស្មើ​គ្នា​ម៉ោង​គ្នា​ទេ​។​ តែ​ត្រូវ​ចេះ​បែង​ចែក​ពេល​ណា​គួរ​ផ្ដោត​លើ​ការងារ​ ពេល​ណា​គួរ​ផ្តោត​លើ​សុខភាព​ និង​គ្រួសារ​ជា​ដើម​នោះ​។​ ដូច​នេះ​ អ្នក​មិន​លូក​លាំ​គ្នា​រហូត​គ្មាន​ច្បាស់លាស់​លាស់​សម្រាប់​មួយ​ៗ​នោះ​ទេ​។​

 

ទី៤​ ឲ្យ​ពេល​ខ្លួន​ឯង​សាក​ថ្ម​ខ្លះ​

កុំ​ធ្វើ​ការ​ហួស​ហេតុ​រហូត​ដល់​មាន​បញ្ហា​។ ​បើ​ក្រឡេក​មើល​ នៅ​ប៉ែក​អឺរ៉ុប​គេ​ធ្វើ​ការ​ខ្លាំង​ តែ​ពេល​សម្រាក​គឺ​ គេ​បិទ​អស់​រាល់​ឧបករណ៍​អេឡិចត្រូនិក​ ចំណាយ​ពេល​ជា​មួយ​ធម្មជាតិ​ ឬ​ភាព​ស្ងប់​ស្ងាត់​ដើម្បី​ឲ្យ​រាង​កាយ​របស់​គេ​មាន​ថាមពល​ជា​ថ្មី​។​

 

ទី​ ៥​ ចេះ​សម្រាក​

សម័យ​បច្ចេកវិទ្យា​ការ​រំខាន​គឺ​ ខ្លាំង​មែន​ទែន​។​ អ្នក​កាន់​ទូរស័ព្ទ​សឹង​ថា​ ២៤​ លើ​ ២៤​ ម៉ោង​។​ នៅ​ពេល​ធ្វើ​ការ​ក៏​ចុច​ សម្រាក​ញ៉ាំ​បាយ​ក៏​ចុច​ ចូល​បន្ទប់​ទឹក​ក៏​ចុច​។​ សរុប​មក​ជីវិត​របស់​យើង​គឺ​ មិន​មាន​ពេល​សម្រាក​ឲ្យ​បាន​សម​ស្រប​ឡើយ​។​ តិចនិក​សាមញ្ញ​ដែល​អាច​ឲ្យ​រាង​កាយ​សម្រាក​បាន​មាន​ដូច​ជា​ ការ​រៀន​គ្រប់​គ្រង​ការ​ដក​ដង្ហើម​ ការ​ធ្វើ​សមាធិ​ និង​ការ​ស្វែង​រក​ភាព​រីក​រាយ​សម្រាប់​ជីវិត​ជា​ដើម​។​

 

ចុង​ក្រោយ​គេ​ គឺ​ហ៊ាន​ស្វែង​រក​ជំនួយ​

បើ​អ្នក​គិត​ថា​ ស្ថាន​ភាព​របស់​អ្នក​គឺ​ ធ្ងន់​ធ្ងន់ធ្ងរ​ គួរ​រក​ជំនួយ​ពី​មិត្ត ភក្តិ​ដែល​អ្នក​ទុក​ចិត្ត​ គ្រួសារ​ ឬ​មេ​កើយ​ដែល​អ្នក​ជឿ​ជាក់​។​ ពួក​គេ​អាច​ជួយ​បាន​តាម​រយៈ​ការ​ស្ដាប់​ ប្រឹក្សា​ ឬ​ក្នុង​ករណី​ធ្ងន់​ធ្ងរ​អាច​នាំ​អ្នក​ទៅ​រក​អ្នក​ជំនាញ​ផ្នែក​សុខ​ភាព​ផ្លូវ​ចិត្ត​ជួយ​អ្នក​បាន​ទាន់​ពេល​វេលា​។​

 

ត្រូវ​ចាំ​ថា​ សុខភាព​ផ្លូវ​កាយ​សំខាន់​ តែ​បើ​សុខភាព​ផ្លូវ​ចិត្ត​ដុន​ដាប​ ស្ត្រេស​គ្រប់​ពេល​ វា​អាច​នឹង​ជះ​ផល​ប៉ះ​ពាល់​ដល់​លទ្ធ​ផល​ការងារ​ និង​ជីវិត​រស់​នៅ​ក្នុង​គ្រួសារ​បាន៕