សម្ភាសអោយជាប់ត្រូវពឹងលើប្រាំចំណុចខ្លាំង
ការសម្ភាសគឺជាសិល្បៈនៃការលក់ដ៏អស្ចារ្យ នោះគឺលក់ខ្លួនឯង។
លក់ខ្លួនឯងត្រង់នេះគឺ សំដៅលើការអន្ទងចិត្ត
អ្នកសម្ភាសចាប់អារម្មណ៍ និងជ្រើសយកអ្នក ក្នុងចំណោមបេក្ខជនជាច្រើនទៀតដែលមកប្រជែងលើមុខតំណែងដូចអ្នក។មិនថា អ្នកសម្ភាសការងារលើកដំបូង ឬមានបទពិសោធន៍ច្រើនហើយនោះទេ
វាទាមទារឲ្យមានការត្រៀមខ្លួនជាមុនបានល្អ ត្រៀមបានល្អប៉ុណ្ណា
ឪកាសជោគជ័យក៏មានភាគរយខ្ពស់ទៅតាមនោះដែរ។
ទាំងនេះជាគន្លឹះមួយចំនួនជួយអ្នកឲ្យត្រៀមខ្លួនបានល្អ សម្រាប់ការសម្ភាសការងារ។
១ ត្រូវដឹងច្បាស់ពីការងារដែលអ្នកចង់ធ្វើ
ត្រូវសិក្សាពីបរិយាយការងារថា ការងារដែលអ្នកដាក់ពាក្យ ផ្តោតលើអ្វី។ ហើយថា តើតួនាទីដែលអ្នកត្រូវធ្វើនោះមានអ្វីខ្លះ។ទាំងនេះ អាចឲ្យអ្នកត្រៀមខ្លួនបានល្អប្រសើរដើម្បីធ្វើការងារទាំងអស់នោះ។
២ សិក្សាអំពីក្រុមហ៊ុនដែលអ្នកចង់ធ្វើការ
ត្រូវស្រាវជ្រាវឲ្យបានកាន់តែលម្អិតកាន់តែល្អប្រសើរអំពីក្រុមហ៊ុនដែលអ្នកចង់ចូលបម្រើការ។ ការដឹងច្បាស់ ពីប្រវត្តិក្រុមហ៊ុនគឺបង្ហាញដល់អ្នកសម្ភាសថា អ្នកបានយកចិត្តទុកដាក់លើការងារ និងពិតជាចង់ធ្វើការនៅទីនោះមែន។ ចំណុចមួយចំនួនដែលត្រូវសិក្សានោះរួមមានផលិតផល
ឬសេវាកម្មរបស់ក្រុមហ៊ុន
តួនាទីដែលអ្នកត្រូវធ្វើបើត្រូវជ្រើសឲ្យចូលធ្វើការសកម្មភាពនានារបស់ក្រុមហ៊ុន និងវប្បធម៌នៅកន្លែងការងារជាដើម។
៣ ត្រៀមចម្លើយសម្រាប់សំណួរដ៏ពេញនិយម
ពេលចូលសម្ភាសអ្នកគួរត្រៀមចម្លើយឲ្យបានរួចរាល់នូវសំណួរមួយចំនួនដូចជា ហេតុអ្វីអ្នកចង់មកធ្វើការនៅទីនេះ?
មូលហេតុអីទើបអ្នកចាប់អារម្មណ៍ការងារហ្នឹង?
អ្វីដែលជាចំណុចខ្លាំងរបស់អ្នក?បើអ្នកត្រៀមចម្លើយបានល្អ ពេលសម្ភាសផ្ទាល់អ្នកក៏មិនចាំបាច់រកនឹក ដែលអាចបង្ហាញចេញនូវចំណុចខ្វះខាតផងដែរ។
៤ ហាត់សមជាមុន
បន្ទាប់ពីសិក្សាដឹងច្បាស់ពីក្រុមហ៊ុន និងសំណួរទូទៅហើយ
ដល់ពេលដែលអ្នកត្រូវហាត់សមហើយ។
គួរហាត់ពត់ លត់សំឡេង កាយវិការ មុខកញ្ចក់ ឬអាច
Record វីដេអូដើម្បីមើលចន្លោះខ្វះខាតរបស់ខ្លួន។បន្ទាប់មក ព្យាយាមកែលំអបន្តិចម្តងៗ រហូតដល់អ្នកមានទំនុកចិត្តលើខ្លួនឯងខ្ពស់ជាការស្រេច។
៥ សិក្សាពីទីតាំងរបស់ក្រុមហ៊ុន
ត្រូវសិក្សាឲ្យដឹងថាទីតាំងការិយាល័យ ឬកន្លែងដែលត្រូវទៅសម្ភាស នៅកន្លែងណា ចំណាយពេលប៉ុន្មានដើម្បីធ្វើដំណើរ។បើអាចទៅឲ្យស្គាល់ច្បាស់ជាមុនកាន់តែល្អ។ បែបនេះ អ្នកអាចដឹងត្រូវធ្វើដំណើរចំណាយពេលប៉ុន្មាននិងមិនវង្វេងផ្លូវ។ ការដឹងច្បាស់ពីទីតាំងត្រូវសម្ភាស ជួយឲ្យធ្វើដំណើរទៅដល់មុនម៉ោងដែលបង្ហាញពីការគោរពចំពោះអ្នកត្រូវសម្ភាស។
ជឿជាក់ថា ចំណុចខាងលើនេះនឹងជួយឲ្យអ្នកទទួលបានភាគរយខ្ពស់ ជោគជ័យនៅពេលសម្ភាស។កុំភ្លេចណា! នេះជាឪកាសសម្រាប់អ្នក
អនុវត្តសិល្បៈលក់ខ្លួនឯងហើយ៕