ជម្លោះក្នុងក្រុម គួរដោះស្រាយដូចម្ដេច?

img

ការ​ធ្វើ​ការ​ជា​ក្រុម​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ជម្លោះ​ក្នុង​ក្រុម​ជា​រឿង​ដែល​ជៀស​មិន​ផុត​។ ជម្លោះ​អាច​កើត​មាន​ជា​ច្រើន​រូប​ភាព ច្រើន​សណ្ឋាន​ រវាង​បុគ្គលិក​ពីរ​នាក់​រវាង​ក្រុម​និង​ក្រុម ឬ​រវាង​មេ​ក្រុម​និង​កូន​ក្រុម​ជា​ដើម​។​ ការ​ដោះ​ស្រាយ​មិន​បាន​ល្អ​បង្ក​ជា​ការ​រាំង​ស្ទះ​ ឬ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធផល​ការងារ​ដែល​ត្រូវ​បំពេញ​ទៀត​ផង។ មាន​វិធី​សាស្ត្រ​មួយ​ចំនួន​ដែល​អាច​ដោះ​ស្រាយ​ជម្លោះ​ក្នុង​ក្រុម​ប្រកប​ដោយ​ប្រសិទ្ធ​ភាព។

 

១​ ទទួល​ស្គាល់​ជម្លោះ​

ពេល​មាន​ជម្លោះ​កើត​ឡើង​ ត្រូវ​ទទួល​ស្គាល់​ និង​ដោះ​ស្រាយ​ភ្លាម​ៗ​ មិន​ថា​ មិន​ស្រួល​យ៉ាង​ណា​នោះ​ទេ​។​ ការ​គេចវេះ​ ឬ​ចាត់​ទុក​ថា​ ដូច​គ្មាន​អ្វី​កើត​ឡើង​ នឹង​ធ្វើ​ឲ្យ​មាន​ភាព​តាន​តឹង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​រហូត​ពេល​មួយ​ផ្ទុះ​ធំ​ក៏​មាន​។​

 

២​ ជួប​និយាយ​គ្នា​

កំណត់​ពេល​ និង​ទី​កន្លែង​សម​ស្រប​ឲ្យ​គូ​ជម្លោះ​ជួប​និយាយ​ត​ទល់​ដើម្បី​យល់​ពី​ជំហរ​រៀង​ៗ​ខ្លួន​។​ ត្រូវ​សម្រប​សម្រួល​ឲ្យ​អ្នក​ទាំង​សង​ខាង​បាន​បញ្ចេញ​ទស្សនៈ​ ការ​យល់​ឃើញ​រៀង​ៗ​ខ្លួន​ ជៀស​វាង​ភាគី​ណា​មួយ​និយាយ​មាន​ប្រៀប​ច្រើន​ជាង។ ត្រូវ​ស្ដាប់​ដោយ​ប្រកាន់​ខ្ជាប់​កណ្ដាល​និយម​ កុំ​វាយ​ប្រហារ​ និង​បន្ទោស​បង្អាប់​ តែ​ស្ដាប់​ឲ្យ​យល់​ពី​ឫសគល់​ ហើយ​ដោះ​ឲ្យ​ចំ​បញ្ហា​។​

 

៣​ ស្ដាប់​ឲ្យ​យល់ ​ជា​ជាង​តប​ត​

ព្យាយាម​ស្ដាប់​ភាគី​ម្ខាង​ទៀត​ដោយ​យក​ចិត្ត​ទុក​ ឬ​អាច​សួរ​នាំ​បញ្ជាក់​ដើម្បី​ឲ្យ​ប្រាកដ​ថា​ អ្នក​យល់​ច្បាស់​ពី​​ចេតនា​របស់​ភាគី​ម្ខាង​ទៀត​។ ​គួរ​ស្ដាប់​ដើម្បី​យល់​ពី​ហេតុផល​ពិត​ប្រាក​ដដែល​នាំ​ឲ្យ​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ត​ជា​ជាង​ដើម្បី​ឆ្លើយ​តប​។​

 

៤ រក​ចំណុច​កណ្ដាល

ការ​សន្ទនា​នៅ​ពេល​ជម្លោះ​ភាគ​ច្រើន​គឺ​ រក​ថា ​ខាង​ណា​ខុស ខាង​ណា​ត្រូវ តែ​ដើម្បី​ដោះ​ស្រាយ​ទៅ​រួច​លុះ​ត្រា​ណា​ភាគី​ទាំង​សង​ខាង​ ដក​ថយ​ម្នាក់​បន្តិច​ យល់​ចំណុច​កណ្ដាល​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំង​សង​ខាង​។ ជៀស​វាង​ ទម្លាក់​កំហុស​ទៅ​លើ​ភាគី​ម្ខាងៗ។

 

៥ ចេះ​ជួយ​ណែនាំ

បើ​អ្នក​មាន​តួ​នាទី​ជា​អ្នក​ដឹក​នាំ​ អ្នក​គួរ​ជួយ​សម្រួល​ជម្លោះ​ ដោយ​កុំ​ប្រកាន់​ខាង​ណា​ ឬ​ត្រចៀក​ស​ស្ដាប់​ម្ខាង​ៗ​។​ ចេះ​បង្វែរ​ប្រធាន​បទ​ បើ​ការ​ជជែក​កាន់​តែ​ឡើង​កម្ដៅ​ ហើយ​ណែ​នាំ​ដំណោះ​ស្រាយ​បន្ទាប់​ដែល​ភាគី​ទាំង​សង​ខាង​គួរ​ធ្វើ​ម្នាក់​បន្តិច​ដើម្បី​ដោះ​បញ្ហា​បាន។

 

៦ កុំ​យក​ទោស​អូស​ដំណើរ​

បើ​ជម្លោះ​កើត​មាន​ដោយ​សារ​អ្នក​ច្រើន​ជាង​ ហ៊ាន​សុំទោស​ បង្ហាញ​ពី​ចេតនា​របស់​អ្នក​ឲ្យ​ម្ខាង​ទៀត​បាន​ដឹង​។ បើ​គេ​ធ្វើ​ខុស​លើ​អ្នក​ ត្រូវ​ចេះ​អត់​ឱន​ជា​ជាង​លើក​ឡើង​ពី​បញ្ហា​ម្ដង​ហើយ​ម្ដង​ទៀត​ ដែល​ធ្វើ​ឲ្យ​អារម្មណ៍​ទាំង​សង​ខាង​មិន​អស់​ចិត្ត​ ឬ​នាំ​ឲ្យ​ឡើង​កម្ដៅ​ជា​ថ្មី​។

 

មិន​ថា​ជម្លោះ​កើ​ត​ឡើង​ដោយ​សារ​អ្នក​ ឬ​អ្នក​ជា​អ្នក​សម្រប​សម្រួល​ត្រូវ​ចេះ​បត់​បែន​ ថ្លឹង​ថ្លែង​ និង​ស្វែង​រក​ឫសគល់​ឲ្យ​បាន​ទាន់​ពេល​វេលា​ កុំ​ទុក​រហូត​ដល់​ធ្ងន់​ធ្ងន់ធ្ងរ​ពិបាក​ដោះ​ស្រាយ៕