ប្រាំចំណុចដែលត្រូវធ្វើអំឡុងពេលទៅសម្ភាស

img

ដើម្បីឲ្យការសម្ភាសចូលបម្រើការងារទទួលបានភាគរយជោគជ័យខ្ពស់មានចំណុចតូចៗ តែត្រូវធ្វើឲ្យខានតែបានមួយចំនួនដែលអ្នកគួរអនុវត្ត។បើអាចធ្វើចំណុចទាំងនេះបាន  ឪកាសការងាររបស់អ្នកក៏ខ្ពស់ទៅតាមហ្នឹងដែរ។


មកឲ្យបានមុនម៉ោង

ជាការល្អអ្នកគួរមកដល់កន្លែងសម្ភាស​​យ៉ាងហោចណាស់ ១៥ នាទី មុនម៉ោងណាត់សម្ភាស។នេះបង្ហាញពីការយកចិត្តទុកដាក់ និងទំនួលខុសត្រូវរបស់អ្នក។ណាមួយចរាចរណ៍ក៏កាន់តែអាក្រក់ពីមួយថ្ងៃទៅមួយថ្ងៃ អ៊ីចឹងការមកមុនម៉ោងអាចជួយអ្នកបង្ការហេតុភេទដែលមិនបានព្រាងទុកជាមុនមួយចំនួនទៀតបានទៀតផង។

 

ស្លៀកពាក់ឲ្យបានសមរម្យ

ការស្លៀកពាក់ឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់មនុស្សម្នាក់ៗ ដូចសុភាសិតបរទេសថា​ “ស្លៀកពាក់ស្អាតដើម្បីជោគជ័យ ស្លៀកពាក់សមរម្យមិនសំដៅលើសំលៀកបំពាក់ប្រេនៗនោះទេ តែនៅត្រង់ថាសំលៀកបំពាក់របស់អ្នកមានអ៊ុតនិងតឺនុយមានរបៀបរៀបរយសមឲ្យគេចង់យកធ្វើការអត់? ការស្លៀកពាក់ស្អាតបាត ជាចំណុចទាក់ទាញមួយ និងផ្តល់ទំនុកចិត្តដល់បេក្ខជនកាន់តែខ្ពស់។

 

ញញឹមស្វាគមន៍ដល់អ្នកសម្ភាស

ការចាប់ដៃដោយស្នាមញញឹម សំពះនៅពេលជួបនឹងអ្នកសម្ភាសភ្លាម បង្ហាញពីការគោរព និងអត្តចរិតរបស់បេក្ខជន។ការជួបដំបូងនេះ ជាពេលវេលាល្អបំផុតសម្រាប់បង្ហាញឲ្យអ្នកសម្ភាសចូលចិត្តមកលើអ្នក  ដូចនេះការសម្ភាសទាំងមូលក៏នឹងរលូនល្អដូចគ្នា។

 

បិទសំឡេងទូរសព្ទ

នេះជាចំណុចដ៏សាមញ្ញ តែអាចបំផ្លាញឪកាសរបស់អ្នកបានទាំងស្រុង។វាបានបង្ហាញពីភាពខ្ជះខ្ជាយ និងការមិនគោរពចំពោះអ្នកផ្តល់សម្ភាស។ដូច្នេះបើអាចគួរបិទដាក់​ Silence Mode អំឡុងពេលសម្ភាស។

 

បង្ហាញភាពជឿជាក់

គ្មានអ្នកសម្ភាសណាចាប់អារម្មណ៍ចង់បានបេក្ខជនដែលគ្មានជំនឿចិត្តបង្ហាញអាការៈភ័យស្លេកស្លាំងមកចូលធ្វើការទេ។ព្រោះបើគ្រាន់តែសម្ភាសគ្មានជំនឿចិត្តប៉ុណ្ណឹងទៅហើយ ចុះទម្រាំធ្វើការតើនឹងកាន់តែយ៉ាប់យ៉ាងម៉េចទៅ? ដូច្នេះគួរប្រើភាសាកាយវិការឲ្យបានសមស្រប ប្រើក្រសែភ្នែកផ្តោតដោយយកចិត្តទុកដាក់និងនិយាយឲ្យម៉ាត់ៗ ច្បាស់ៗ ដែលនេះនឹងកាន់តែធ្វើឲ្យបទសម្ភាសកាន់តែមានជីវិតរស់រវើក។

 

ជូនពរសំណាងល្អពេលសម្ភាសណា៎!