រើសបុគ្គលិកលក្ខណៈល្អ ជាជាងសមត្ថភាពតែម៉្យាង

img

ការ​រើស​បុគ្គលិក​ដែល​គ្មាន​រចនា​សម្ព័ន្ធ​ច្បាស់​លាស់​ជា​រឿយៗ​ ​ច្រើន​ធ្វើ​ឡើង​ទៅ​តាម​អារម្មណ៍​របស់​ ​ប្រធាន​ផ្នែក​ជ្រើស​រើស​បុគ្គលិក​ដែល​ជា​រឿយៗ​នាំ​ទៅ​រក​ផល​លំបាក​ទៅ​ថ្ងៃ​មុខ​។​ ​មាន​ចំណុច​សំខាន់​មួយ​ដែល​នាយក​ផ្នែក​ជ្រើស​រើស​បុគ្គលិក​គួរ​សម្លឹង​មើល​ ​ដែល​អាច​បែង​ចែក​បាន​រវាង​បុគ្គលិក​ខ្លាំង​ និង​បុគ្គលិក​គ្មាន​លទ្ធផល​នោះ​គឺ​ ​អត្តចរិត​។​

 

​ធ្វើ​យ៉ាង​ណា​ទើប​ ​ប្រធាន​ផ្នែក​ជ្រើស​រើស​អាច​កំណត់​ថា​ នរណា​ជា​បុគ្គលិក​ដែល​នឹង​បំពេញ​ការងារ​បាន​សកម្ម​?​ ​បើ​តាម​លោក​ ​Quin​ ​អ្នក​និពន្ធ​សៀវភៅ​ ​“Don’t​ Hire​ ​Anyone​ ​Without​ ​Me​”​ ​ការ​សម្លឹង​រក​បុគ្គលិក​ដែល​បំពេញ​ការងារ​ទទួល​បាន​លទ្ធផល​លើ​មធ្យម​ ​និង​មាន​ស្ថិរ​ភាព​គឺ​ ផ្ដោត​លើ​កត្តា​បី​យ៉ាង​៖​

 

១​ ​អត្តចរិត​៖​ ​ខ្ញុំ​អាច​រក​វិធី​ផ្សេងៗ​ដើម្បី​សម្រេច​ការ​ងារ​នេះ​បាន​

២​ ក្ដី​ស្រលាញ់​៖​ ​ខ្ញុំ​ចូល​ចិត្ត​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​

៣​ ​ជំនាញ​៖​ ​ខ្ញុំ​មាន​ជំនាញ​ច្បាស់​លាស់​ដើម្បី​ធ្វើ​ការងារ​នេះ​

 

​មិន​មែន​ចំណុច​ទី​ ​៣​ ​ដែល​ផ្ដោត​ទៅ​លើ​ជំនាញ​ ​ដែល​អាច​ឲ្យ​បុគ្គលិក​សម្រេច​ការងារ​បាន​ល្អ​ប្រសើរ​នោះ​ទេ​ ​បើ​ទោះ​ជា​នេះ​ជា​អ្វី​ដែល​ត្រូវ​បាន​ផ្ដោត​ជា​សំខាន់​ទៅ​លើ​ ​ការ​សម្ភាស​ជា​ច្រើន​ក៏​ដោយ​។​ ​ព្រោះ​បុគ្គលិក​ដែល​មាន​លទ្ធផល​ច្រើន​ ​មាន​អត្តចរិត​វិជ្ជមាន​។​ ​មុន​នឹង​ធ្វើ​អ្វី​មួយ​គេ​ច្រើន​ ​ផ្ដោត​ទៅ​លើ​ដំណោះ​ស្រាយ​និង​គិត​ថា​ ​ខ្លួន​អាច​ធ្វើ​បាន​ ​រហូត​ឧបសគ្គ​កើត​ឡើង​ ​គេ​នៅ​តាម​អាច​រិះ​រក​វិធី​គ្រប់​យ៉ាង​ដើម្បី​ដោះ​ស្រាយ​ចេញ​។​ ​ផ្ទុយ​ទៅ​វិញ​ ​មិន​ថា​ ​បុគ្គលិក​មាន​ជំនាញ​ខ្លាំង​ប៉ុណ្ណា​ បើ​គេយក​ពាក្យ​ថា​ ​“​មិន​អាច​”​ ​ដាក់​ពី​មុខ​ហើយ​ ​ទោះ​ការងារ​នោះ​ជួប​ឧបសគ្គ​តិច​តួច​យ៉ាង​ណា​ក្តី​ ក៏​ក្នុង​ខួរ​ក្បាល​របស់​គេ​គិត​ថា​ ​ធ្វើ​មិន​កើត​រួច​ទៅ​ហើយ​។​

 

​បើ​តាម​លោក​ ​Quinn​ ​ភាព​ខុស​គ្នា​រវាង​បុគ្គលិក​ដែល​មាន​លទ្ធផល​ការងារ​ខ្ពស់​ ​និង​ទាប​គឺ​ស្ថិត​ត្រង់​ថា​ បុគ្គលិក​ដែល​គ្មាន​លទ្ធផល​ច្រើន​គិត​ថា​ ​អ្នក​សម្រេច​ការងារ​បាន​លទ្ធផល​ល្អ​គឺ​ ដោយ​សារ​មាន​ឧបសគ្គ​តិច​តួច​។​ តែ​បុគ្គលិក​ដែល​មាន​សុ ទិដ្ឋិ​​ ​​វិញ​ពេល​ជួប​បញ្ហា​គឺ​ ខួរ​ក្បាល​របស់​គេ​គិត​ដល់​ការ​ដោះ​ស្រាយ​បញ្ហា​រាល់​ពេល​មាន​ឧបសគ្គ​កើត​ឡើង​ជា​រឿយៗ​។​

 

​បើ​តាម​ការ​ពិសោធ​មួយ​ទៀត​គឺ​ ​រវាង​មេ​ដឹក​នាំ​ពីរ​នាក់​ ​ដាក់​ការងារ​ឲ្យ​ដោះ​ស្រាយ​ដូច​គ្នា​។​ ​មេ​ដឹក​នាំ​ដែល​មាន​គំនិត​វិជ្ជមាន​ ​ធ្វើ​ការ​ជា​មួយ​បុគ្គលិក​ក្រោម​ឱ​វាទ​បាន​ល្អ​ និង​ទទួល​បាន​លទ្ធផល​លើស​ការ​រំពឹង​ទុក​។​ ​តែ​មេ​ដឹក​នាំ​ទុ​ទិដ្ឋិ​វិញ​ ដោះ​ស្រាយ​ការងារ​ដូច​គ្នា​នោះ​ទទួល​លទ្ធផល​ទាប​ជាង​ការ​រំពឹង​ទុក​ទៅ​វិញ​។​

​ជា​រួច​ ​លោក​ ​Quinn​ ​បាន​ផ្ដល់​ជា​ដំបូន្មាន​សម្រាប់​ប្រធាន​គ្រប់​គ្រង​ថា​ បើ​ចង់​រើស​បុគ្គលិក​គួរ​សម្លឹង​មើល​លើ​អត្តចរិត​ដែល​ល្អ​ប្រសើរ​ ​ព្រោះ​ជំនាញ​អាច​បណ្ដុះ​បណ្ដាល​បាន​។​ ​តែ​បើ​ចរិត​ពិបាក​ហើយ​ គឺ​ពិបាក​ណាស់​សម្រាប់​អ្នក​ក្នុង​ការ​ចូល​ទៅ​ក្នុង​ខួរ​ក្បាល​របស់​គេ​ដើម្បី​កែ​ខៃ​ឡើង​វិញ​៕​