វិធីសាស្ត្រសម្ភាសក្នុងបរិបទថ្មីដើម្បីឆក់យកបេះដូងបេក្ខជន

img

អំឡុង​វិបត្តិ​វីរុស​កូរ៉ូណា​ បាន​ផ្លាស់​ប្ដូរ​របៀប​នៃ​ការ​សម្ភាស​បេក្ខជន​មិន​ថា ​ដោយ​ប្រយោល​ ឬ​ដោយ​ផ្ទាល់​នោះ​ទេ​។ វា​ជា​រឿង​លំបាក​សម្រាប់​នាយក​ផ្នែក​ជ្រើស​រើស​បុគ្គលិក​ ត្បិត​មិន​មាន​ផែន​ទី​ ឬ​ការ​អនុវត្ត​ណា​មួយ​ស្រដៀង​គ្នា​នេះ​ពាក់​ព័ន្ធ​នឹង​បដិវត្ត​ស្រដៀង​គ្នា​នេះ​ពី​មុន​មក​។ ដូច្នេះ​ ដើម្បី​យល់​ច្បាស់​ពី​ការ​យល់​ឃើញ​របស់​បេក្ខជន​អំឡុង​ ការ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​នេះ​គឺ​ តម្រូវ​ឲ្យ​មាន​ការ​សួរ​សំណួរ​ចំហ​ដែល​អាច​ឲ្យ​បេក្ខជន​បង្ហើប​ប្រាប់​ពី​ខ្លួន​ឯង​បាន​កាន់​តែ​ច្រើន​។ វិធី​ដ៏​ល្អ​មួយ​គឺ​ជា​ជាង​សួរ​នាំ​ទៅ​លើ​ការ​រំពឹង​ទុក​អំពី​បេក្ខជន​ គួរ​ឲ្យ​ពេល​វេលា​ដល់​ពួក​គេ​បាន​រៀប​រាប់​អំពី​បញ្ហា​ប្រឈម​រយៈ​ពេល​ខ្លី​បណ្ដាល​មក​ពី​វិបត្តិ​កូរ៉ូណា​សកល​ និង​គោលដៅ​អាជីព​រយៈ​ពេល​វែង​ដើម្បី​បង្កើត​ទំនាក់​ទំនង​ដ៏​ស្និត​ស្នាល​រវាង​គ្នា​និង​គ្នា​។

 

ការ​ស្ដាប់​ដោយ​ប្រើ​បេះដូង​នេះ​ អាច​ឲ្យ​បេក្ខជន​ទម្លាយ​រឿង​ក្នុង​ចិត្ត​ ដែល​អាច​ឲ្យ​អ្នក​យល់ ច្បាស់​ពី​ពួក​គេ​ និង​អាច​ពន្យល់​និង​ផ្សារ​ភ្ជាប់​ថា​ ការងារ​ដែល​ពួក​គេ​នឹង​ធ្វើ​អាច​ជួយ​កសាង​អាជីព​សម្រាប់​អនាគត​របស់​បេក្ខជន​បាន​យូរ​អង្វែង​។

 

ការ​ប្ដូរ​របៀប​សម្ភាស​ដែល​ផ្ដោត​លើ​តម្រូវ​ការ​របស់​បេក្ខជន​នេះ​អាច​ឲ្យ​ឈ្មោះ​ម៉្យាង​ទៀត​ថា​ “ការ​ប្រឹក្សា​អំពី​អាជីព​” ព្រោះ​អ្នក​សម្ភាស​ផ្ដោត​លើ​ការ​ចង់​បាន​របស់​បេក្ខជន​ជា​ជាង​ខ្លួន​ឯង​។ ការ​ធ្វើ​បែប​នេះ​ អាច​ឲ្យ​អ្នក​បែង​ចែក​មិន​ត្រឹម​អំពី​បុគ្គលិក​លក្ខណៈ​របស់​បេក្ខជន​ និង​ព្រម​ទាំង​អាច​បញ្ជូន​ពួក​គេ​ចូល​ទៅ​ផ្នែក​ណា​មួយ​ ដែល​ស៊ី​នឹង​អត្តចរិត​ និង​វប្បធម៌​ការងារ​របស់​គេ​ទៀត​ផង​។ មាន​សំណួរ​មួយ​ចំនួន​ដែល​អ្នក​អាច​ចោទ​សួរ​ដើម្បី​ស្វែង​យល់​ពី​បេក្ខជន​៖

 

- មូល​ហេតុ​អី​ទើប​អ្នក​ចង់​ចេញ​ពី​ក្រុម​ហ៊ុន​ចាស់ ​ហើយ​គិត​ថា​ ចូល​រួម​នឹង​យើង​ជួយ​បំពេញ​អ្វី​ដល់​អ្នក​?

- តើ​ការងារ​នៅ​ក្រុមហ៊ុន​របស់​យើង​ជួយ​ដល់​ប្រវត្តិ​ការងារ​រយៈ​ពេល​វែង​បែប​ណា​?

- បើ​អ្នក​ត្រូវ​ជ្រើស​ឲ្យ​ចូល​ធ្វើ​ការ​ថ្ងៃ​នេះ​ តើ​អ្នក​អាច​ពន្យល់​ដល់​ម្ចាស់​ក្រុមហ៊ុន​ពី​អ្វី​ដែល​អ្នក​ចង់​សម្រេច​បាន​ឬ​អត់​? ឬ​អាច​និយាយ​បាន​ថា​ ការងារ​ហ្នឹង​ជួយ​ដល់​គោល​ដៅ​ការងារ​អនាគត​របស់​អ្នក​ដូច​ម្ដេច​?

- តើ​មាន​ចំណុច​អ្វី​ខ្លះ​ដែល​អ្នក​ចង់​ឃើញ​ផ្លាស់​ប្ដូរ​នៅ​ក្រុមហ៊ុន​ចាស់​ដើម្បី​ឲ្យ​អ្នក​សម្រេច​ចិត្ត​នៅ​?

- តើ​អ្នក​ចង់​ធ្វើ​អ្វី​បន្ទាប់​ បើ​អ្នក​ត្រូវ​នៅ​កន្លែង​ចាស់​?

- អាច​ប្រើ​ពេល​ប៉ុន្មាន​ទើប​ទៅ​ដល់​នោះ​?

 

ទាំង​នេះ​ជា​សំណួរ​ចាត់​ដោត​ ដើម្បី​ដឹង​ច្បាស់​ពី​គោល​បំណង​ពិត​ប្រាកដ​នៃ​ការ​ផ្លាស់​ប្ដូរ​ក្រុមហ៊ុន​ តើ​អ្វី​ដែល​សំខាន់​សម្រាប់​បេក្ខជន​នៅ​ពេល​នេះ​ក្នុង​អាជីព​ការងារ​ ហើយ​ថា​ តើ​ក្រុមហ៊ុន​របស់​អ្នក​អាច​ជួយ​ដល់​បេក្ខជន​បែប​ណា​សម្រាប់​អាជីព​ការងារ​យូរ​អង្វែង​។

 

ស្ដាប់​ទៅ​ដូច​ជា​រាង​បែក​អូរ​ហូរ​ស្ទឹង​បន្តិច​ទម្រាំ​ឈាន​ដល់​ ការ​សម្ភាស​ពី​ជំនាញ​ពិត​ តែ​ការ​ធ្វើ​បែប​នេះ​អាច​ឲ្យ​បេក្ខជន​បង្កើន​ទំនុក​ចិត្ត​ និង​អាច​ស្វែង​យល់​ពី​ចំណាប់​អារម្មណ៍​ដំបូង​របស់​ពួក​គេ​។ អ្នក​អាច​ឃើញ​កាយ​វិការ​មិន​បាន​ព្រាង​លើ​សំណួរ​ក្ដៅៗ​ខាង​លើ ​ដែល​ពួក​គេ​មិន​ដែល​ជួប​ប្រទះ​ពី​មុន​មក​ តែ​វា​ក៏​ជា​ការ​រឹត​ចំណង​មិត្តភាព​ដ៏​ល្អ​មួយ​ពី​ចំណុច​ចាប់​ផ្ដើម​ដូច​គ្នា​។

 

ការ​ធ្វើ​បែប​នេះ​អាច​ឲ្យ​បេក្ខជន​ដើរ​ចេញ​ពី​សម្ភាស​ទៅ​វិញ​គិត​ថា ​“​ចុម​! មិន​ដែល​មាន​ក្រុមហ៊ុន​ណា​សម្ភាស​អ៊ីចឹង​ពី​មុន​ទេ​។ មើល​របៀប​សួរ​ដូច​ជា​លម្អិត​ពី​ការ​ចង់​បាន​របស់​ខ្ញុំ​ដល់​ហើយ​ បើ​ជាប់​អាច​ល្អ​សម្រាប់​ការងារ​របស់​ខ្ញុំ​ក៏​ថា​​​បាន​”។

 

ទន្ទឹម​គ្នា​នេះ​ អ្នក​សម្ភាស​ក៏​គួរ​ត្រៀម​ខ្លួន​ និង​បង្ហើប​ពី​បញ្ហា​ប្រឈម​ក្រុមហ៊ុន​របស់​អ្នក​ជួប​ប្រទះ​ដោយ​សារ​បញ្ហា​កូវីដ​ ១៩។ ​ការ​បង្ហើប​ឲ្យ​ដឹង​រវាង​គ្នា​បែប​នេះ ​ប្រៀប​បាន​នឹង​ការ​បើក​ចិត្ត​ស្ដាប់​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​នាម​ជា​មនុស្ស​ជាតិ​តែ​មួយ​ជា​ជាង​ ការ​ចាត់​ទុក​ដូច​ជា ​និយោជក​ និង​និយោជិត​។

 

ជា​រួម​ របៀប​នៃ​ការ​សួរ​សំណួរ​ និង​សម្ភាស​បែប​ថ្មី​នេះ​ អាច​នាំ​ឲ្យ​អ្នក​ និង​អនាគត​និយោជិត​ស្គាល់​គ្នា​បាន​ច្បាស់​ដែល​ល្អ​សម្រាប់​ទំនាក់​ទំនង​ក្រុម​ បង្ហាញ​ពី​ភាព​ដឹក​នាំ​ដែល​មិន​អាត្មា​និយម​ និង​កសាង​ក្រុម​ដ៏​រឹង​មាំ​យល់​ចិត្ត​យូរ​អង្វែង៕