ធុញនឹងការងារ គួរធ្វើយ៉ាងណា?
ចូលធ្វើការដំបូង ប្រៀបដូចនឹងការណាត់ជួបមនុស្សខ្លួនស្រលាញ់ដំបូងដែរគឺ មានទាំងរំភើប និងរីករាយ។ តែយូរៗទៅ ក៏ចាប់ផ្តើមសម និងអាចឲ្យអារម្មណ៍របស់អ្នកនឿយណាយ ពិសេសការងារដែលមានភាពដដែលៗច្រើន មិនសូវមានអ្វីដែលថ្មី។ នេះជារឿងដែលគ្រប់គ្នាជួប ដូច្នេះអ្នកក៏គួរចេះបង្កើតភាពរីករាយសម្រាប់ខ្លួនឯងដែរ។ សាកវិធីខាងក្រោមនេះមើល ក្រែងអាចជួយបាន៖
រៀបចំតុធ្វើការឲ្យមានភាពស្រស់ស្រាយគួរឲ្យចង់ធ្វើការ
ពេលខ្លះយើងបានមើលរំលងចំណុចតូចៗប្រចាំថ្ងៃ។ ត្រូវចាំថា តុធ្វើការជាកន្លែងដែលអ្នកចំណាយពេលច្រើនជាងគេ បន្ទាប់ពីគ្រែគេងនៅផ្ទះ។ ដូច្នេះ បើតុធ្វើការរញ៉េរញ៉ៃ ស្មុគគគ្រុក អ្នកក៏គ្មានអារម្មណ៍ធ្វើការល្អដែរ។ សាកល្បងរៀបចំរបស់របស់ប្រើប្រាស់នៅលើតុឲ្យមានរបៀបរៀបរយ តាំងរូប ឬវត្ថុណាមួយដែលមានន័យសម្រាប់អ្នក ដាំរុក្ខជាតិលំអតូចមួយ ដើម្បីជួយជំរុញ
អារម្មណ៍។ ពេលខ្លះត្រឹមការស្រោចទឹក និងរៀបចំតុឲ្យមានរបៀបក៏ផ្តល់អារម្មណ៍ថា អ្នកបានសម្រេចការងារមួយសម្រាប់ថ្ងៃថ្មីផងដែរ។
សួរខ្លួនឯងថា អ្វីដែលអ្នកកំពុងធ្វើជាអ្វីដែលខ្លួនស្រលាញ់ឬអត់?
អ្នកត្រូវដឹងពីខ្លួនអ្នកអោយបានច្បាស់ថា
អ្នកពិតជាស្រលាញ់ និង ពេញចិត្តអ្វីដែលខ្លួនកំពុងធ្វើ។ តើគោលដៅរបស់អ្នកជាអ្វី ហើយអ្នកចង់សម្រេចគោលដៅនោះផ្តើមពីចំណុចណាទៅចំណុចណា? បើអ្នកអាចឆ្លើយចម្លើយនេះបាន អ្នកប្រាកដជាដឹងថា អ្វីដែលអ្នកធ្វើជាអ្វីដែលអ្នកចង់សម្រេចឬអត់។
ធ្វើការងារអាទិភាពមុន
ពេលខ្លះការងារអាទិភាពមួយអាចជួយឲ្យអ្នកមានអារម្មណ៍ថា ពេញចិត្តពេញមួយថ្ងៃ ព្រោះជារឿងធំ។ ហើយណាមួយ ពេលវេលាផ្តើមការងារនៅពេលព្រឹកព្រលឹមល្អបំផុត ព្រោះខួរក្បាលអ្នក មិនទាន់ស្មុគនឹងការងារច្រើននៅឡើយ។ ការងារបន្ទាប់បន្សំរបស់អ្នកអាចទុកធ្វើនៅពេលដែលសល់ប្រចាំថ្ងៃរបស់អ្នក។
ធ្វើបែបនេះ ថាមិនបាន អាចជួយអ្នកឲ្យគ្មានអារម្មណ៏ស្មុកស្មាញ និង រីករាយចំពោះការងាររបស់អ្នក
។
លេងសើចខ្លះ និងផ្លាស់ប្តូរឥរិយាបថធ្វើការខ្លះ
គ្មាននរណាម្នាក់ដែលធ្វើការបានលទ្ធផលខ្ពស់តាមរយៈការអង្គុយឈ្ងោកមុខនឹងកុំព្យូទ័រប្រឹងធ្វើការគ្មានសម្រាកនោះទេ។ យកពេលខ្លះងាកសួរនាំ ចែករំលែករឿងសប្បាយៗជាមួយគ្នាជាការល្អ។ ការអង្គុយរហូតមិនជួយឲ្យអ្នកគិតបានល្អនោះទេ ទាំងវិទ្យាសាស្ត្រក៏រកឃើញថា ការងើបចេញពីតុ ឬប្តូរឥរិយាបថពីអង្គុយមកឈរ ឬដើរទៅហិតក្លិន ឬមើលអ្វីដែលបៃតងៗខ្លះក៏ល្អសម្រាប់ឲ្យខួរក្បាលមានខ្យល់អុកហ្ស៊ីសែនខ្លះដែរ។
សាកវិធីទាំងនេះមើលថា បានឬមិនបានផល ប្រាប់ឲ្យ Jobboom ដឹងផងណា!