កុំចាំគេរើសយើង យើងក៏គួរចេះរើសក្រុមហ៊ុនចូលធ្វើការដូចគ្នា
ការសម្រេចចិត្តជ្រើសរើសធ្វើការ
ក្នុងក្រុមហ៊ុន ឬស្ថាប័ន ណាមួយ ប្រៀបប្រដូចនឹងការវិនិយោគ ឬដាក់ទុនភាគហ៊ុនរកស៊ី ដើម្បីទទួលបានប្រាក់ចំណេញ
និងផលប្រយោជន៍ នានា។ ការវិនិយោគ ប្រៀបដូចជា ការជ្រើសរើសថ្នាលដាំដុះ សម្រាប់សាបព្រួសគ្រាប់ពូជ
ប៉ុន្តែមុននឹងបណ្តុះ ត្រូវសិក្សានូវកត្តាហានិយភ័យ ឱ្យបានច្បាស់លាស់ ជាមុនសិន។ ព្រោះហេតុថា
បុគ្គលិកប្រៀបបាននឹងគ្រាប់ពូជចំណែកក្រុមហ៊ុនប្រៀបបាននឹងថ្នាលដីដូច្នោះដែរ។
ការសាបព្រួសគ្រាប់ពូជទាំងអស់
មិនមែនសុទ្ធតែអាចដុះលូតលាស់ ទទួលបានផ្លែផ្កានោះទេ បើសិនយើងសាបព្រួសពូជ ខុសកន្លែង វាហាក់ដូចជា
ចោលពូជដ៏មានតម្លៃទទេៗ ខាតប្រយោជន៍ឥតអំពើ។ ដូច្នេះការសម្រេចចិត្ត ជ្រើសរើសធ្វើការ ឱ្យក្រុមហ៊ុន
ឬស្ថាប័ន ណាមួយនោះ ដើម្បីឱ្យការខិតខំប្រឹងប្រែង ទាំងខាងផ្នែកចំណេះដឹងជំនាញ និងកម្លាំងកាយចិត្ត
ទួលបានផលតបស្នង សក្តិសមនឹងតម្លៃ ដូចពាក្យចាស់លោកពោលថា “ ធ្វើស្រែឱ្យមើលស្មៅ ទុកដាក់កូនចៅ ឱ្យមើលផៅសណ្តាន ” ស្របគ្នានឹង “ ធ្វើស្រែឱ្យមើលស្មៅ ធ្វើការឱ្យមើលក្រុមហ៊ុន ”។
តើក្រុមហ៊ុនបែបណា
ដែលហៅថា ក្រុមហ៊ុនត្រឹមត្រូវ?
ក្រុមហ៊ុនត្រឹមត្រូវ ក្នុងន័យនេះ
គឺសំដៅទៅដល់ក្រុមហ៊ុន ប្រភេទមួយចំនួន ដោយយើងត្រូវមើលលើ ប្រភេទនៃអាជីវកម្ម និងអ្នកដឹកនាំ
ជាកត្តាចម្បង។ ប្រភេទអាជីវិកម្មល្អ នាំឱ្យក្រុមហ៊ុន និងបុគ្គលិក មានការរីកចម្រើនទៅមុខ
ព្រោះអ្នកដឹកនាំល្អ អាចនាំឱ្យយើង បានឡើងឋាន: និងតួនាទីខ្ពស់ នៅទីនោះ
តាមរយ:ចំណេះដឹង នៃបទពិសោធន៍ ថ្មីៗ។ ប្រសិបើនិយាយដល់ប្រភេទអាជីវកម្ម
គេត្រូវនិយាយដល់ សេវាកម្មល្អ ផលិតកម្មល្អ គឺជាផលិតផល ដែលមានគុណភាពល្អ មានសុវត្ថិភាពខ្ពស់
ជាតម្រូវការចាំបាច់របស់អតិថិជន ពេញនិយមក្នុងការប្រើប្រាស់ តម្លៃសមរម្យ សមស្របនឹងស្ថានភាពជីវភាពរបស់មនុស្ស
ក្នុងតំបន់នោះ។
ទន្ទឹមនឹងនេះ សំណួរសួរថា
តើយើងអាចធ្វើការជាមួយ ក្រុមហ៊ុនយើងជ្រើសរើស បានជោគជ័យ តាមរបៀបណា? គឺយើងអាចជោគជ័យ
ដោយសារប្រភេទអាជីវកម្ម និងប្រធានក្រុមហ៊ុន ឬម្ចាស់អាជីវកម្ម មានផែនការគោលដៅ ទស្សនវិស្ស័យ ច្បាស់លាស់ ផងដែរ៕