បុគ្គលិកល្អដើរចេញបន្តបន្ទាប់ អ្នកគួរធ្វើយ៉ាងណា?

img

    ក្នុងពេលបច្ចុប្បន្ន បុគ្គលិកដើរចេញពីការងារគឺ មានចំនួនខ្ពស់ជាងពេលណាៗទាំងអស់។ ពេលដែលបុគ្គលិកចេញទៅស្ងាត់ៗដោយមិនមានប្រាប់ដំណឹងជាមុន វាបង្ករឿងឈឺក្បាលជាច្រើនដល់ថ្នាក់ដឹកនាំ ទាំងផ្នែកអារម្មណ៍ និងស្ទះដល់ប្រតិបត្តិការការងារមួយចំនួនផងដែរ។ ក្នុងករណីឈឺក្បាលខ្លាំងបំផុតគឺ បុគ្គលិកចាកចេញដោយស្ងាត់គ្មានវាចារ និងមួយទៀតគឺ ចូលធ្វើការមិនប៉ុន្មានផងដាក់មេប្រូចចោលក្រុមហ៊ុនបាត់។ ការណ៍នេះ ធ្វើឲ្យក្រុមហ៊ុនខាតបង់ទាំងពេលវេលា ស្វែងរកបុគ្គលិកថ្មី និងថវិកាត្បិតបុគ្គលិកមិនទាន់បង្កើតអ្វីជាប្រយោជន៍ដល់ក្រុមហ៊ុនច្រើននៅឡើយ។



    តែមានដឹងអត់ថា ការដើរចេញរបស់បុគ្គលិកប្រាកដជាពាក់ព័ន្ធតិច ឬច្រើនដល់វប្បធម៌ក្រុមហ៊ុន ឬមេកើយនៅពីលើផងក៏ថាបាន។ តែជារឿយៗ ទាំងអ្នកគ្រប់គ្រង និងប្រធានធនធានមនុស្សរវល់តែបំពេញការងាររបស់ខ្លួន មិនបានយកចិត្តទុកដាក់ដល់ចំណុចនេះឡើយ។ ជាលទ្ធផល ក្រុមហ៊ុនចំណាយធនធាន និងពេលវេលាច្រើនលើការរើសបុគ្គលិកថ្មីៗរហូត ដែលផ្តល់មកវិញជាការខាតបង់ធនធានដ៏ធំសម្រាប់ក្រុមហ៊ុន ឬអាចឈានដល់បញ្ហានៅក្នុងអាជីវកម្មទៀតផង។


    វិធីសាស្ត្រដ៏ល្អបំផុតមួយដែលអ្នកគ្រប់គ្រងអាចធ្វើបានគឺ ការជួបសម្ភាសសួរនាំបុគ្គលិកមុននឹងគេចាកចេញ។ តែពេលខ្លះ បុគ្គលិកផ្ទាល់គឺ មិនចង់ជួបជជែកអ្វីច្រើនទេ ព្រោះគេគិតថា ក្រុមហ៊ុនមិនបានគិតដិតដល់ និយាយប្រាប់មូលហេតុច្រើនក៏គ្មានបានការ។ ក្នុងករណីនេះ តើនាយកគ្រប់គ្រងគួរធ្វើបែបណា?


    ដើម្បីដោះស្រាយចំណុចនេះ ដំបូងយើងត្រូវយល់ដឹងពី វិធីសាស្ត្រ  ៧ យ៉ាងដែលបុគ្គលិកទូទៅប្រើនៅពេលចង់ឈប់ពីការងារ ដែលនេះអាចសបញ្ជាក់ឲ្យឃើញពីការដើរចេញដោយរីករាយ និងការដើរចេញដោយជូរចត់។


ទី ១ ការដើរចេញដោយដឹងគុណ៖ បុគ្គលិកដើរចេញដោយបង្ហាញពីការស្រលាញ់ និងជួយធ្វើការងារដែលចាំបាច់មុននឹងចេញ

ទី ២ រក្សាទំនាក់ទំនងជាមួយមេ៖ បុគ្គលិកដើរចេញដោយប្រាប់ទៅដល់មេកើយជាមុនថា រូបគេចង់ឈប់

ទី ៣៖ ធ្វើតាមក្រិត្យក្រម៖ បុគ្គលិកសរសេរលិខិតជូនដំណឹងជាមុន ជាមួយមូលហេតុជាក់លាក់

ទី ៤៖ បង្គ្រប់កិច្ច៖ បុគ្គលិកសរសេរលិខិតជូនដំណឹងជាមុន តែមិនបញ្ជាក់មូលហេតុជាក់លាក់

ទី ៥៖ គេចៗ៖ បុគ្គលិកបង្កើបប្រាប់មេ ឬមិត្តរួមការងារដោយប្រយោល ទុកឲ្យមេសួរនាំមកវិញ

ទី ៦៖ រុះស្ពាន៖ បុគ្គលិកបង្កើតកំហុសដ៏ហួសចិត្ត មុននឹងដើរចេញ

ទី ៧៖ ចេញដោយគ្មានសំឡេង៖ បុគ្គលិកដើរចេញស្ងាត់ៗ ដោយគ្មានឲ្យតម្រុយ


    ពីចំណុចទី ១ ដល់ទី ៧ ខាងលើ បញ្ជាក់ពីអារម្មណ៍ដែលបុគ្គលិកមានសម្រាប់ក្រុមហ៊ុន ឬមេដឹកនាំរបស់ពួកគេ។ ឧទហរណ៍ថា បុគ្គលិកច្រើនក្នុងក្រុមហ៊ុនរបស់អ្នកចាកចេញដោយការដឹងគុណ នេះអាចបញ្ជាក់ថា ក្រុមហ៊ុនអ្នកមានវប្បធម៌ការងារល្អមួយ តែអាចដោយសារបុគ្គលិកចង់បានអ្វីដែលល្អជាងនោះ។ ផ្ទុយទៅវិញ បើបុគ្គលិកចាកចេញដោយស្ងាត់ៗបាត់ស្រមោល នោះជាពេលដែលអ្នកត្រូវមើលរចនាសម្ពន្ធ័ និងវប្បធម៌ក្រុមហ៊ុនឡើងវិញហើយ ពុំនោះទេ មិនថា អ្នករកបុគ្គលិកមកច្រើនប៉ុណ្ណា មិនយូរមិនឆាប់ បុគ្គលិកទាំងនោះនឹងដាក់មេប្រូចចោលអ្នកវិញមិនខាន។


    អ៊ីចឹងគួរធ្វើយ៉ាងណាដើម្បីកែខៃចំណុចនេះ? អ្វីដែលអ្នកអាចធ្វើបានគឺ ស្វែងរកឫសគល់នៃបញ្ហា។ បើថា បុគ្គលិកដែលចង់ចេញមិនចង់និយាយជាមួយអ្នក អ្នកគួរហៅមិត្តរួមការងាររបស់គេមកជួបសួរនាំពីមូលហេតុ ឬដើមចមដែលបុគ្គលិកនោះចង់ចាកចេញ។ តែគួរហៅសួរជាលក្ខណៈមិនផ្លូវការ និងបង្ហាញចេតនារបស់អ្នកថា ចង់បានព័ត៌មាននោះដើម្បីកែលម្អកន្លែងការងារឲ្យបានល្អប្រសើរ ព្រមទាំងរក្សាការសម្ងាត់ទៀតផង។


    មូលហេតុទាំងនេះអាចឲ្យអ្នកកំណត់គោលដៅបន្ទាប់សម្រាប់ក្រុមហ៊ុន។ ឧទាហរណ៍ថា បុគ្គលិកចាកចេញដោយបន្តការសិក្សាច្រើន ក្រុមហ៊ុនអាចរៀបចំឲ្យមានកញ្ចប់ឧបត្ថម្ភការសិក្សាក្នុងកម្រិតណាមួយសម្រាប់រក្សាបុគ្គលិកឲ្យត្រឡប់មកធ្វើការឲ្យពេលគេបញ្ចប់ការសិក្សា។ បុគ្គលិកចាកចេញដោយចង់មានពេលមើលថែកូន។ គួររៀបចំតារាងពេលវេលាបត់បែនសម្រាប់បុគ្គលិកដែលទើបមានកូនដំបូង ឬមានបញ្ហាបន្ទាន់ក្នុងគ្រួសារណាមួយត្រូវដោះស្រាយ។ តែបើសិនបុគ្គលិកដឹកដៃគ្នាដើរចេញទៅចូលរួមគូប្រកួតប្រជែង ប្រហែលជាដល់ពេលដែលត្រូវសើរើមើលវប្បធម៌ និងមេដឹកនាំនៅតាមផ្នែកនីមួយៗឡើងវិញហើយ។ 


    សង្ឃឹមថា ចំណុចខាងលើនេះជួយដល់នាយកក្រុមហ៊ុន ថ្នាក់ដឹកនាំ និងបុគ្គលិកធនធានមនុស្សកែលំអរ និងធ្វើឲ្យកាន់តែប្រសើរនូវបរិយាកាសការងារដែលបុគ្គលិកចង់ធ្វើការ និងរក្សាបុគ្គលិកបានយូរអង្វែង៕